តារាចម្រៀងរាងតូចច្រឡឹងកញ្ញា អ៊ីវ៉ា កម្រនិងនិយាយពីរឿងរៀបការ ឬ ទំនាក់ទំនងរបស់ខ្លួនជាមួយគូស្នេហ៍ណាស់ ទើបតែថ្មីៗនេះ ពេលចូលរួមមង្គលការរបស់ប្អូនខ្លួនរួចហើយ ស្រាប់តែនាងឱ្យតម្រុយ ហាក់បីដូចជាត្រៀមរៀបការក្នុងពេលឆាប់ៗ ។
កញ្ញា អ៊ីវ៉ា និងគូស្នេហ៍របស់ខ្លួនបានស្រឡាញ់គ្នាច្រើនឆ្នាំមកហើយ ហើយអ្នកទាំងពីរថែមទាំងបានបោះទុនប្រាក់រួមគ្នាដើម្បីបង្កើតមុខរបររួមគ្នាជាច្រើនផងដែរ ដូចជាថ្មីៗនេះនាងកំពុងជោគជ័យក្នុងការលក់សម្លៀកបំពាក់ និងគ្រឿងប្រើប្រាស់ តាមរយៈអនឡាញ ដែលមានគូស្នេហ៍នាងជាអ្នកជំរុញពីក្រោយ ។
ស្របពេលដែលការងារចម្រៀង ក៏ដូចជាការងារកំពុងជោគជ័យ អ៊ីវ៉ា ក៏បានត្រៀមខ្លួនធ្វើជាកូនក្រមុំ ទៅតាមបំណងរបស់ឪពុកខ្លួនផងដែរ ដូចទស្សនិកជនដឹងស្រាប់ហើយថា ឪពុក របស់ អ៊ីវ៉ាចង់ឱ្យនាងរៀបការឆាប់ ដើម្បីមានគ្រួសារ ទើបលោកអស់ក្តីបារម្ភចំពោះកូនស្រី ។
កញ្ញា អ៊ីវ៉ា បាននិយាយនៅពេលដែលនាងទៅចូលរួមមង្គលការរបស់ប្អូននាងថា « ការប្អូនសប្បាយប៉ុហ្នឹងហើយ ចុះទម្រាំការ អ៊ីវ៉ា ដឹងសប្បាយយ៉ាងទៅ ? » ។
គ្រាន់តែឃើញ អ៊ីវ៉ា និយាយជាសាធាណរៈបែបនេះ បានធ្វើឱ្យអ្នកគាំទ្រជាច្រើននាំគ្នាសួរ អ៊ីវ៉ា ថា តើការពេលណា ? ពួកគេចង់ឃើញ Idol ក្នុងឈុតកូនក្រមុំណាស់ ។
កញ្ញា អ៊ីវ៉ា មិនបានតបអ្វីច្រើននោះទេ នាងបានត្រឹមតែនិយាយថា ឆាប់ៗនេះហើយ ពីព្រោះមិនចង់ ពន្យាពេលយូរទៀតទេ ៕