ក្នុងឆ្នាំ២០២៤ រាជរដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិកា ៣៤០,៤ប៊ីលានរៀល ឬស្មើប្រមាណ ៨៣លានដុល្លារ សម្រាប់ពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល។ ដំណើរការមួយនេះបានចាប់ផ្តើមបោះជំហានតាំងពីឆ្នាំ២០២០មកម៉្លះ តាមរយៈការដាក់ឲ្យដំណើរការសាកល្បងនូវមូលនិធិសមធម៌សុខាភិបាល ដែលក្រោយមកបានពង្រីកវិសាលភាពដល់ទូទាំងប្រទេស សម្រាប់ពលរដ្ឋដែលមានបណ្ណសមធម៌។ េនះបើតាមការឲ្យដឹងពីលោកជំទាវ ប៉ែន សុបភា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការប្រតិបត្តិក្រុមប្រឹក្សាជាតិគាំពារសង្គម ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ការអនុវត្តរបបថែទាំសុខភាពតាមប្រព័ន្ធមូលនិធិសមធម៌សុខាភិបាលសម្រាប់គ្រួសារងាយរងហានិភ័យ” នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣។
របាយការណ៍ពីទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា រយៈពេល ៥ឆ្នាំចុងក្រោយ គិតចាប់តាំងពីឆ្នាំ២០១៨ ប្រជាពលរដ្ឋប្រមាណ ៣.២លាននាក់ បានទៅទទួលសេវាមូលនិធិសមធម៌សុខាភិបាល ក្នុងនោះសេវាពិគ្រោះជំងឺក្រៅមានប្រមាណ ១៤.៣លានករណី និងសេវាសម្រាកព្យាបាននៅមន្ទីរពេទ្យប្រមាណ ៩០ម៉ឺនករណី ហើយថវិកាដែលបានចំណាយទៅសេវាព្យាបាលទាំងអស់នោះប្រមាណជា ៣៧០ពាន់លានរៀល រាប់ទាំងការចំណាយលើសេវាវេជ្ជសាស្ត្រ និងមិនមែនវេជ្ជសាស្ត្ររួមគ្នា។
ផ្អែកតាមទិន្នន័យចុងក្រោយ ចំនួនប្រជាពលរដ្ឋដែលមកទទួលសេវាមូលនិធិសមធម៌សុខាភិបាល មានការកើនឡើងគួរឲ្យកត់សម្គាល់។ ជាក់ស្តែងក្នុងឆ្នាំ២០២២កន្លងទៅ កើនឡើងប្រមាណ ២៤% បើធៀបនឹងឆ្នាំ២០១៧ កត្តានេះសបង្ហាញថា ទំនុកចិត្តរបស់ពលរដ្ឋមកលើមូលដ្ឋានសុខាភិបាលសាធារណៈមានការកើនឡើង៕
អត្ថបទ៖ អក្ខរា