សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ត្រូវបានសន្និបាតគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា លើកទី៤៤ អាណត្តិទី៥ បោះឆ្នោតជ្រើសតាំង ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣។
ការបោះឆ្នោតជ្រើសតាំងសម្តេចធិបតី ហ៊ុន ម៉ាណែត ជាអនុប្រធានបក្ស បានធ្វើឲ្យអនុប្រធានគណបក្សកាន់អំណាចមួយនេះ បានកើនដល់ចំនួន៥រូប រួមមាន សម្តេចក្រឡាហោម ស ខេង, សម្តេចវិបុលសេនាភក្តី សាយ ឈុំ, សម្តេចពិជ័យសេនា ទៀ បាញ់, សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ខណៈសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងសម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយស។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឯកឧត្តម សុខ ឥសាន ក្នុងសន្និសីទសារព័ត៌មានបង្ហាញពីលទ្ធផលមហាសន្និបាតរយៈពេលពីរថ្ងៃ នាយប់ថ្ងៃទី១០ ខែធ្នូ ២០២៣ បានឲ្យដឹងថា ការបោះឆ្នោតជ្រើសតាំង សម្តេចធិបតី ហ៊ុន ម៉ាណែត ជាអនុប្រធានថ្មីមួយរូបទៀត បង្ហាញឲ្យឃើញពីភាពស៊ីចង្វាក់គ្នា ខណៈដែលកម្ពុជាដឹកនាំតាមរបបប្រជាធិបតេយ្យសេរីពហុបក្ស ការបោះឆ្នោតតាមប្រព័ន្ធសមាមាត្រ អញ្ចឹងទេការដឹកនាំបក្ស និងដឹកនាំរដ្ឋ គឺស៊ីចង្វាក់គ្នា ចឹងនេះគឺជាការចាំបាច់ដែលត្រូវមានវត្តមាននាយករដ្ឋមន្ត្រីនៅក្នុងជួរដឹកនាំក្បាលម៉ាស៊ីនរបស់គណបក្ស។
ឯកឧត្តម សុខ ឥសាន បានបញ្ជាក់ថា សម្រាប់តួនាទីភារកិច្ចអនុប្រធានគណបក្សប្រជាជនកម្ពុជា នឹងត្រូវកំណត់ បែងចែក តួនាទីភារកិច្ច នៅក្នុងកិច្ចប្រជុំរបស់គណៈកម្មការអចិន្ត្រៃយ៍ក្នុងពេលឆាប់ៗខាងមុខ។ ឯកឧត្តមបានលើកឡើងថា អនុប្រធានបក្ស ៤រូបកន្លងមក មានការបែងចែកតួនាទីភារកិច្ចរួចហើយ ឥលូវនេះមានសំណូមពរចាំបាច់ត្រូវមានអនុប្រធានមួយរូបទៀត ដើម្បីផ្សារភ្ជាប់អន្តរការរវាងរាជរដ្ឋាភិបាលជាមួយគណបក្ស ដែលរបៀបរបរគគណបក្សតែងតែមានការបែងចែកតួនាទីភារកិច្ចច្បាស់លាស់សម្រាប់អនុប្រធានម្នាក់ៗ។
សូមបញ្ជាក់ថា ក្រៅពីបោះឆ្នោតតែងតាំងសម្តេចធិបតី ហ៊ុន ម៉ាណែត ឲ្យក្លាយជាអនុប្រធានបក្សនោះ មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា បោះឆ្នោតជ្រើសតាំងបន្ថែមសមាជិកគណៈកម្មាធិការកណ្តាល ចំនួន ៤៩៦រូប ដែលធ្វើឱ្យបរិមាណសមាជិកគណៈកម្មាធិការកណ្តាលមានចំនួនសរុប ១ ៣១២រូប។ នៅក្នុងមហាសន្និបាតនេះ សន្និបាតគណៈកម្មាធិការកណ្ដាល លើកទី ៤៤ អាណត្តិទី ៥ បានបោះឆ្នោត ជ្រើសតាំងបំពេញបន្ថែមសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល ចំនួន២៣រូប និងបោះឆ្នោតជ្រើសតាំងប្រធាន និងសមាជិក គណៈកម្មាធិការហិរញ្ញវត្ថុនៃគណៈកម្មាធិការកណ្តាលចំនួន ៧រូបផងដែរ៕
អត្ថបទ៖ អក្ខរា