មហាន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា បានប្រព្រឹត្តទៅនៅថ្ងៃទី៩ និង ទី១០ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្នាក់ការកណ្ដាល គណបក្សប្រជាជនកម្ពុជា។ មហាសន្និបាត គាំទ្រពេញទំហឹងចំពោះរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីអនុវត្តដោយជោគជ័យនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និង ចីរភាព ដែលមានការកែទម្រង់ និងការពង្រឹងអភិបាលកិច្ចជាស្នូល ដោយកំណត់អាទិភាពជាគន្លឹះចំនួន ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា សំដៅការពារ ថែរក្សា ពូនជ្រំសមិទ្ធផលជាតិ ជំរុញសន្ទុះកំណើនសេដ្ឋកិច្ច ធ្វើឱ្យប្រទេស កម្ពុជាប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងកសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ប្រែក្លាយជាប្រទេសមានចំណូលខ្ពស់។
ជាមួយគ្នានេះ មហាសន្និបាតវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងាររបស់រាជរដ្ឋាភិបាលដែលក្នុងរយៈពេលដ៏ខ្លីនៃការកាន់តំណែងរបស់ខ្លួន បានសម្រេចលទ្ធផលជាច្រើន ប្រកបដោយមោទនភាពក្នុងការថែរក្សាស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ការជំរុញកំណើនសេដ្ឋកិច្ច និងដោះស្រាយបញ្ហាជីវភាពរបស់ប្រជាជន ជាពិសេសការដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីគោលនយោបាយអាទិភាពទាំង ៦ ចំណុច និងវិធានការគន្លឹះទាំង ៥ ចំណុចដែលផ្តោតលើការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ, ការលើកកម្ពស់គុណភាពអប់រំ, ការលើកកម្ពស់គុណភាពសេវាសុខាភិបាល, ការពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព និងការពង្រឹងនិងការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌។ លើមូលដ្ឋានតថភាពនេះ បានឆ្លុះបញ្ចាំងឱ្យឃើញច្បាស់អំពីការគិតគូរជាយុទ្ធសាស្ត្រដ៏ត្រឹមត្រូវរបស់គណបក្សក្នុងការរៀបចំ កម្លាំងបន្តវេនដើម្បីដឹកនាំប្រទេសជាតិ។
មហាសន្និបាត អំពាវនាវដល់បងប្អូនជនរួមជាតិគ្រប់ទិសទី បន្តរួមសាមគ្គីគ្នាជាធ្លុងមួយនៅក្រោមដំបូលរដ្ឋធម្មនុញ្ញ និងម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងរួមសាមគ្គីជុំវិញរាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ដើម្បីថែរក្សាសន្តិភាព ពង្រឹងលទ្ធិប្រជាធិបតេយ្យ និងបង្កើតសមិទ្ធផលធំៗថ្មីៗទៀត ក្នុងការអភិវឌ្ឍមាតុភូមិកម្ពុជា៕
អត្ថបទ៖ អក្ខរា