នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា រួមជាមួយសិស្សានុសិស្សសរុប១២៥០នាក់ បានធ្វើព្យុហយាត្រាដង្ហែក្បួនជាលើកទី២ ក្នុងព្រឹត្តិការណ៍“រំលឹកគុណអង្គរ”ចាប់ផ្តើមចេញពីមុខប្រាសាទអង្គរ ឆ្ពោះទៅខ្លោងទ្វារទន្លេអុំនៃក្រុងអង្គរធំ និងឆ្ពោះទៅក្រុងសៀមរាប។ ព្យុហយាត្រានេះ ដើម្បីផ្សព្វផ្សាយឱ្យសាធារណជន ក៏ដូចជាប្រជាពលរដ្ឋខ្មែរ ភ្ញៀវទេសចរជាតិ អន្ដរជាតិ មានការរំលឹកគុណដល់ប្រាសាទអង្គរ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកមិនអាចកាត់ថ្លៃបាន ដែលបុព្វបុរសខ្មែរបានបន្សល់ទុកឱ្យកូនខ្មែរជំនាន់ក្រោយ។
ឯកឧត្តម ឡុង កុសល អគ្គនាយករង និងជាអ្នកនាំពាក្យនៃអាជ្ញាធរជាតិអប្សរា តំណាង ឯកឧត្តម ហង់ ពៅ អគ្គនាយកមានប្រសាសន៍ក្នុងកម្មវិធីដង្ហែក្បួនព្យុហយាត្រា ដើម្បីអបអរសាទរពិធីបុណ្យរំលឹកគុណអង្គរដ៏មានសារសំខាន់ សម្តែងចំណាប់អារម្មណ៍ចំពោះពាក្យស្លោកដែលមានអត្ថន័យថា កិច្ចការពារបេតិកភណ្ឌជាភារកិច្ចកូនខ្មែរគ្រប់ៗរូប និងអត្ថន័យនៃចម្រៀងពង្សាវតារខ្មែរដែលមានអត្ថន័យឧត្តុង្គឧត្តម ដក់ជាប់នៅក្នុងក្រអៅបេះដូងប្រជាជនខ្មែរ។ ជាពិសេស សិស្សានុសិស្សដែលជាទំពាំងស្នងឬស្សី ជាអ្នកបន្តវេនដ៏សំខាន់ទៅអនាគតក្នុងការថែរក្សានូវតម្លៃដួងព្រលឹងជាតិ និងអត្តសញ្ញាណជាតិរបស់យើង។
ឯកឧត្តម ឡុង កុសល បន្តថា ការដែលយើងរំលឹក និងផ្តល់នូវគុណតម្លៃដល់បុព្វការីជនរបស់យើង គឺជាការគោរពខ្លួនយើងផង ក៏ជាការផ្តល់នូវភាពថ្កុំថ្កើងនៃប្រវត្តិសាស្រ្តរបស់យើងដែរ។ ក្នុងនាមអាជ្ញាធរជាតិអប្សរា ឯកឧត្តម ឡុង កុសល មានសេចក្តីសោមនស្ស និងមានភាពកក់ក្តៅ ដែលសិស្សានុសិស្សចំនួន១២៥០នាក់ បានចូលរួមក្នុងក្បួនព្យុហយាត្រានៃពិធីបុណ្យរំលឹកគុណអង្គរ។ នេះជារូបភាពមួយយ៉ាងសំខាន់ ដែលយើងបានប្រព្រឹត្តទៅដើម្បីបណ្តុះនូវស្មារតីស្រឡាញ់ស្នេហាជាតិ ក៏ដូចជាការបណ្តុះនូវគំនិត ធ្វើយ៉ាងណាដើម្បីឱ្យប្រជាជាតិខ្មែររបស់យើងមានភាពរឹងមកទៅថ្ងៃអនាគត។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍រំលឹកគុណអង្គរ នឹងរៀបចំឡើងរយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ខាងមុខ នៅក្នុងរមណីយដ្ឋានអង្គរ ដើម្បីតបស្នងសងគុណដល់បុព្វបុរស ក៏ដូចជា អតីតព្រះមហាក្សត្រខ្មែរ ដែលបានកសាងប្រាសាទ និងថែរក្សាទុកឱ្យកូនខ្មែរជំនាន់ក្រោយបានស្គាល់។ ជាពិសេសសន្តិភាព ជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសេដ្ឋកិច្ចនិងវប្បធម៌ ក៏ដូចជាការនាំមកនូវវឌ្ឍនភាពសម្រាប់ជាតិ។ ការដែលយើងរំលឹកគុណអង្គរនេះ មិនត្រឹមតែរំលឹកគុណបុព្វការី ដែលបានខិតខំបូជាឈាមស្រស់ សាច់ស្រស់ កម្លាំងកាយចិត្តក្នុងការកសាង ថែរក្សា ជួសជុលប្រាសាទ ការពារទឹកដី តាំងពីដើមរៀងមករហូតមកដល់បច្ចុប្បន្ននេះ។ ប៉ុន្តែ ក៏សម្តែងនូវការគោរពអរគុណចំពោះសន្តិភាពដែលនាំមកបានដល់ប្រជាជាតិខ្មែរយើងដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាអគ្គមហាបុរសរដ្ឋដែលជាស្ថាបនិកនយោបាយឈ្នះៗ នាំមកនូវសន្តិភាពដល់ប្រទេសកម្ពុជា និងជំរុញការអភិវឌ្ឍជាតិលើគ្រប់វិស័យ។ ដូច្នេះ យើងទាំងអស់គ្នា ប្តេជ្ញាចិត្តថែរក្សាសន្តិភាព រំលឹកគុណដល់បុព្វការីជន និងសន្តិភាព៕