មហាសន្និបាត CPP រំលឹកគោលការណ៍សំខាន់ៗមួយចំនួន ដែលធ្វើឲ្យបក្សរីកធំធាត់ រឹងមាំ និងដឹកនាំគ្រប់គ្រងប្រទេសយូរអង្វែង

មហាសន្និបាតតំណាងទូទំាងប្រទេសរបស់គណបក្សប្រជាជនកម្ពុជាប្រព្រឹត្តទៅក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា ដោយមានសមាជិកចូលរួមសរុប ៣៦០០នាក់។ កិច្ចប្រជុំនេះប្រព្រឹត្តទៅរយៈពេល ២ថ្ងៃគឺនៅថ្ងៃទី ០៩-១០ ខែធ្នូ ឆ្នាំ២០២៣ នៅវិមាន ៧មករា។

ក្នុងសុន្ទរកថាបើករបស់មហាសន្និបាត បានរំលឹកអំពីការកសាងគណបក្ស ដែលតែងប្រកាន់ខ្ជាប់នូវគោលការណ៍មួយចំនួនគឺ៖ គោលការណ៍ប្រមូលផ្តុំប្រជាធិបតេយ្យ គោលការណ៍សមូហភាពដឹកនាំបុគ្គលទទួលខុសត្រូវ គោលការណ៍សាមគ្គីភាពផ្ទៃក្នុង គោលការណ៍ស្វ័យត្រួតពិនិត្យ និងការជួយគ្នាទៅវិញទៅមក គោលការណ៍រក្សាភ្ជាប់ជិតស្និទ្ធរវាងគណបក្សនិងប្រជាជន និងគោលការណ៍គោរពរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន។ ផ្តើមចេញពីការអនុវត្តគោលការណ៍នេះ បានធ្វើឱ្យបក្សយើងបានរីកធំធាត់ ពេញកម្លាំង រឹងមាំទាំងខាងនយោបាយ សតិអារម្មណ៍ និងចាត់តាំង ហើយមានគ្រប់លក្ខណសម្បត្តិអាច ដឹកនាំគ្រប់គ្រងប្រទេសយូរអង្វែងតទៅ។

ដើម្បីពង្រឹងគណបក្សមួយកម្រិតថែមទៀតនៅក្នុងបរិបទថ្មីនៃការដឹកនាំ អង្គមហាសន្និបាតលើកនេះនឹងត្រូវធ្វើកិច្ចការមួយចំនួនដូចជា៖១- ពិនិត្យឆ្លងសេចក្តីព្រាង ” របាយការណ៍ស្តីពីសភាពការណ៍ទូទៅនិងការងារគណបក្ស ឆ្នាំ ២០២៣ និងទិសដៅភារកិច្ចឆ្នាំ២០២៤ ” ២- បោះឆ្នោតជ្រើសតាំងបំពេញបន្ថែមសមាជិកគណៈកម្មាធិការកណ្តាលមួយចំនួន ៣- ក្នុងរយៈពេលនេះដែរ គណៈកម្មាធិការកណ្តាលនឹងបោះឆ្នោតជ្រើសតាំងបំពេញបន្ថែមសមាជិក គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល, បោះឆ្នោតជ្រើសតាំងបន្ថែមអនុប្រធានគណបក្ស ព្រមទាំងបោះឆ្នោតជ្រើសតាំងគណៈកម្មាធិការហិរញ្ញវត្ថុ និងប្រធានគណៈកម្មាធិការហិរញ្ញវត្ថុគណៈកម្មាធិការ
កណ្ដាលថ្មីផងដែរ៕

អត្ថបទ៖ អក្ខរា