នៅថ្ងៃទី៨ ខែធ្នូ ពិធីជប់លៀងបិទខួបអនុស្សាវរីយ៍លើកទី៧០នៃមិត្តភាពជប៉ុន-កម្ពុជា ត្រូវបានប្រព្រឹត្តិទៅនៅនិវេសនដ្ឋានឯកអគ្គរាជទូតជប៉ុន ដោយមានការចូលរួមដោយឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កញ្ញា ម៉ម ឡរ៉ា ឯកអគ្គរាជទូតសុច្ឆនៈនៃខួបអនុស្សាវរីយ៍លើកទី៧០នៃមិត្តភាពជប៉ុន-កម្ពុជា ព្រមទាំងភ្ញៀវកិតិ្តយសជាច្រើន។
ថ្លែងក្នុងពិធីជប់លៀង ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា មានប្រសាសន៍ថា «រយៈពេលជិត១ឆ្នាំពេញ ខួបលើកទី៧០ ត្រូវបានប្រារព្ធឡើងដោយមានការរៀបចំព្រឹត្តិការណ៍ផ្សេងៗជាច្រើនជាង៧០ ហើយតាមរយៈព្រឹត្តិការណ៍ទាំងនេះ យើងអាចជម្រុញការយល់ដឹងពីគ្នាទៅវិញទៅមក ហើយទំនាក់ទំនងកាន់តែជិតស្និទ្ធជាងពេលណាៗទាំងអស់។ ទំនាក់ទំនងយើងច្បាស់ណាស់នឹងមិនបញ្ចប់ដោយការបញ្ចប់ដោយជោគជ័យនៃពិធីនេះប៉ុណ្ណោះទេ យើងត្រូវកសាងសមិទ្ធិផលក្នុងឆ្នាំនេះ និងអភិវឌ្ឍទំនាក់ទំនងទ្វេភាគីរបស់យើងបន្ថែមទៀតក្នុងរយៈពេល១០ឆ្នាំខាងមុខ និងលើសពីនេះទៀត»៕