USAID ប្រកាសគម្រោងថ្មីមានទឹកប្រាក់២៤លានដុល្លារអាមេរិកដើម្បីការពារនិងអភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិនៅកម្ពុជា

ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិហៅកាត់ថា USAID ប្រកាសបើកគម្រោងថ្មីមួយ ដែលមានទឹកប្រាក់ ចំនួន២៤លានដុល្លាសហរដ្ឋអាមេរិកសម្រាប់រយៈពេល៥ឆ្នាំ ដើម្បីគាំទ្រដល់ការអភិរក្សជីវៈចម្រុះ ការពារប្រព័ន្ធអេកូឡូស៊ីសំខាន់ៗ និងលើកកម្ពស់ជីវភាពរបស់សហគមន៍នៅប្រទេសកម្ពុជា។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ USAID កាលថ្ងៃទី៤ខែធ្នូឆ្នំា២០២៣។

 បើយោងតាមសេចក្តីប្រកាសព័ត៌មានខាងលើ បញ្ជាក់ថាគម្រោងនេះមានឈ្មោះថា “USAID អភិរក្ស”។ គម្រោងនេះនឹងពង្រីកការគាំទ្ររបស់ USAID ទៅដល់សហគមន៍ដែលរស់នៅក្នុង និងជុំវិញតំបន់ការពារធម្មជាតិ ក្នុងខេត្តព្រះវិហារ កំពង់ធំ ស្ទឹងត្រែង និងក្រចេះ។ ទន្ទឹមគ្នាគម្រោង“USAID អភិរក្ស”នេះ នឹងអនុវត្តគំនិតផ្តួចផ្តើមថ្មីៗសម្រាប់សហគមន៍ទាំងឡាយ ដែលរស់នៅជុំវិញបឹងទន្លេសាប និងតាមតំបន់ឆ្នេរនៃខេត្តកោះកុង និងខេត្តព្រះសីហនុ។

គម្រោង USAID អភិរក្សនឹងបន្តកិច្ចខិតខំប្រឹងប្រែងរបស់ USAID ក្នុងការផ្តល់មូលនិធិផ្ទាល់ដល់សហគមន៍មូលដ្ឋាន តាមរយៈជំនួយបន្តចំនួន ៨លានដុល្លារសហរដ្ឋអាមេរិក ជាជំនួយខ្នាតតូច ទៅដល់សហគមន៍មូលដ្ឋាន អង្គការ និងវិស័យឯកជន យ៉ាងតិចចំនួន ២៥០ ក្នុងប្រទេសកម្ពុជា។  ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) នឹងពង្រីកការគាំទ្របន្តទៅលើគម្រោងហិរញ្ញប្បទានកាបូនព្រៃឈើ ដែលធ្លាប់បានទទួលជោគជ័យកន្លងមក តាមរយៈការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍគម្រោងប្ល៊ូកាបូននៅក្នុងតំបន់ព្រៃលិចទឹក និងតំបន់ឆ្នេររបស់ព្រះរាជាណាចក្រកម្ពុជា។ គម្រោង USAID អភិរក្ស នឹងបង្កើតយុទ្ធនាការផ្លាស់ប្តូរឥរិយាបថសង្គម នៅថ្នាក់ជាតិ ខេត្ត ស្រុក និងឃុំ ដែលផ្តោតលើការប្រយុទ្ធប្រឆាំងការជួញដូរសត្វព្រៃខុសច្បាប់។

លោកស្រី Kerry Pelzman នាយិកាបេសកកម្មនៃទីភ្នាក់ងារជំនួយសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) មានប្រសាសន៍ថា “គម្រោង USAID អភិរក្សឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្តចំពោះការធ្វើមូលដ្ឋានីយកម្មនៃជំនួយអភិវឌ្ឍន៍របស់យើង។ តាមរយៈគម្រោងនេះ យើងនឹងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង ដែលដឹកនាំដោយសហគមន៍ក្នុងការបង្កើតការងារក្នុងស្រុក ដោយផ្អែកលើការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព និងការប្រើប្រាស់ទុនឯកជនដើម្បី វិនិយោគក្នុងដំណោះស្រាយរយៈពេលវែងចំពោះវិបត្តិអាកាសធាតុ។ តាមរយៈវិធីសាស្រ្តនេះ គម្រោង USAID អភិរក្ស  នឹងផ្តល់ការគាំទ្រដល់ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការសម្រេចបាននូវអព្យាក្រឹតកាបូននៅ ឆ្នាំ២០៥០”៕

សារេត