អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) នាពេលថ្មីៗកន្លងមកនេះ កត់សម្គាល់ឃើញមានការចុះផ្សាយតាមសារព័ត៌មាន និងតាមប្រព័ន្ធបណ្ដាញសង្គមមួយចំនួន អំពីការចុះត្រួតពិនិត្យឃ្លាំងត្រជាក់មួយកន្លែង ដែលមានទីតាំងនៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ដោយក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ដែលនៅក្នុងឃ្លាំងនោះមានរក្សាសាច់បង្កកចម្រុះប្រមាណ ៣៧០ តោន ហើយករណីនេះ ត្រូវបានបុគ្គលមួយចំនួនបានលើកឡើងថា ជាសាច់ដែល “នាំចូលគ្មានច្បាប់” ។ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) ចាត់ទុកការលើកឡើងដោយគ្មានការទទួលខុសត្រូវបែបនេះ មិនត្រឹមតែផ្ទុយពីការពិតទេ តែអាចជាការមានចេតនាធ្វើឲ្យមានការយល់ច្រឡំ និងវឹកវរក្នុងសង្គមតាមរយៈការផ្សព្វផ្សាយ និងចែករំលែកតគ្នាអំពីព័ត៌មានមិនពិតបែបនេះ ។
ពាក់ព័ន្ធនឹងករណីនេះ អគរ មានកិត្តិយសសូមធ្វើការបំភ្លឺជូនដល់សាធារណជនមេត្តាជ្រាបថា បន្ទាប់ពីបានឃើញការចុះផ្សាយព័ត៌មានដូចខាងលើ អគរ បានចាត់តាំងកម្លាំងមន្ត្រីគយនិងរដ្ឋាករមានសមត្ថកិច្ចជាបន្ទាន់ចុះទៅទីតាំងឃ្លាំង ដើម្បីស្រាវជ្រាវនិង សាកសួរម្ចាស់ឃ្លាំងអំពីអនុលោមភាពច្បាប់ពាក់ព័ន្ធនឹងការនាំចូលនិងស្តុកទុកសាច់បង្កកទាំងនោះនៅក្នុងឃ្លាំង។
ជាលទ្ធផល អគរ បានពិនិត្យឃើញថា សាច់បង្កកចម្រុះដែលមានប្រភពមកពីប្រទេសអ៊ីតាលី, ប្រេស៊ីល, អាឡឺម៉ង់, រុស្សី, ឥណ្ឌា ជាដើម ដែលមានទម្ងន់សរុបប្រមាណ ៣៧០ តោន ត្រូវបាននាំចូលដោយបំពេញកាតព្វកិច្ចពន្ធនិងអាករត្រឹមត្រូវតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន និងមានភ្ជាប់មកជាមួយនូវវិញ្ញាបនបត្របញ្ជាក់អនាម័យសាច់ពីប្រទេសនាំចេញ ហើយនៅមានសុពលភាពប្រើប្រាស់ ពោលគឺពុំទាន់ហួសកាលបរិច្ឆេទប្រើប្រាស់ដូចបានលើកឡើងដោយគ្មានមូលដ្ឋានច្បាស់លាស់ដោយបុគ្គលមួយចំនួនឡើយ ។
អគរ បន្ថែមថា អនុលោមតាមបញ្ញត្តិនៃអនុក្រឹត្យ ១៧ អនក្រ.បក ចុះថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ ស្ដីពីការដាក់ឱ្យប្រើប្រាស់បញ្ជីទំនិញហាមឃាត់ និងទំនិញជាប់កម្រិតកំណត់, ការនាំចូលសាច់បង្កកពីបរទេសតម្រូវឱ្យមានភ្ជាប់នូវវិញ្ញាបនបត្របសុព្យាបាល ឬវិញ្ញាបនបត្រអនាម័យសាច់ឬផលិតផលសត្វពីប្រទេសនាំចេញ និងពុំតម្រូវឱ្យមានការស្នើសុំលិខិតអនុញ្ញាតនាំចូល ឬលិខិតគតិយុត្តប្រហាក់ប្រហែលពីក្រសួង-ស្ថាប័នមានសមត្ថកិច្ចក្នុងប្រទេសកម្ពុជាឡើយ ។ ទន្ទឹមនេះ អគរ បញ្ជាក់ថា នាពេលកន្លងមក អគរ បានទប់ស្កាត់ និងចាប់ឃាត់ និងដុតបំផ្លាញចោលជាបន្តបន្ទាប់នូវសាច់បង្កកខូចគុណភាពដែលត្រូវបានលួចនាំចូលមកកម្ពុជាតាមច្រករបៀងនានាដោយខុសច្បាប់ជាច្រើនករណី ដោយមានការចូលរួមសហការជាមួយស្ថាប័ន/អាជ្ញាធរពាក់ព័ន្ធ ។
បើតាម អគរ ការចុះផ្សាយព័័ត៌មានដោយគ្មានមូលដ្ឋានច្បាស់លាស់ខុសពីការពិតដូចខាងលើបង្កឱ្យមានការយល់ច្រឡំជាសាធារណៈ និងផ្ដល់បច្ច័យអវិជ្ជមានដល់កិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីរាជការគយដែលកំពុងអនុវត្តវិធានការមុតស្រួចដើម្បីបង្រ្កាបអំពើរត់គេចពន្ធ តាមរយៈការអនុវត្តយន្តការដើមទី កណ្តាលទី និងចុងទី ក្នុងគោលបំណងពង្រឹងការប្រមូលចំណូលចូលថវិកាជាតិ ក៍ដូចជាថែរក្សាសុខុមាលភាពសាធារណៈ ។
អគរ អំពាវនាវឱ្យគ្រប់អង្គភាព/ស្ថាប័នពាក់ព័ន្ធ និងបណ្ដាញសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្ដាញសង្គមមេត្តាជៀសវាងការចុះផ្សាយនិងចែករំលែកព័ត៌មានមិនពិត និងមានចរិតលក្ខណៈបង្កឱ្យមានការភាន់ច្រឡំ ដែលអាចបណ្ដាលឱ្យមានចលាចលសង្គម និងប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរមានសមត្ថកិច្ច ក៏ដូចជាការប៉ះពាល់ដល់ការធ្វើអាជីវកម្មរបស់ធុរជននាំចូល និងចែកចាយសាច់បង្កក ដែលគោរពតាមបទប្បញ្ញត្តិជាធរមានរបស់កម្ពុជា៕