ក្នុងពិធីចែកវិញ្ញាបនបត្រវិជ្ជាជីវៈដល់យុវជននៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ និងមុខរបររបស់អង្គការមិត្តសំឡាញ់នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានកោតសរសើរ និងលើកឡើងថា យុវសិក្ខាកាមទាំង១០៥រូបដែលបានបញ្ចប់ការសិក្សាដោយជោគជ័យនាពេលនេះ នឹងក្លាយជាវីរៈបុរសសម្រាប់គ្រួសារតាមរយៈជំនាញបច្ចេកទេស និងវិជ្ជាជីវៈ។
ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីមូលហេតុថា ការជ្រើសរើសសិក្សាជំនាញវិជ្ជាជីវៈនិងបច្ចេកទេសរបស់យុវជនទាំងអស់ជាជម្រើសមួយដ៏ត្រឹមត្រូវដែលធ្វើឱ្យយុវសិក្ខាកាមទាំងអស់មានជំនាញជាក់លាក់ក្នុងជីវិត ហើយមានចំណូលទ្រង់ទ្រង់ជីវភាពគ្រួសារ និងជីវភាពខ្លួនផ្ទាល់ព្រោះជំនាញដែលឆាប់មានការងារធ្វើដោយប្រើប្រាស់រយៈពេលខ្លី។
ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា “ពូសូមកោតសរសើរក្មួយដែលបានឆ្លងកាត់ជីវភាព និងជួបការលំបាកជាច្រើន ប៉ុន្តែជំនះមកសិក្សាជំនាញវិជ្ជាជីវៈ ហើយកំពុងមានការងារបន្ថែមទៀតនោះ គឺជាមោទនភាពសម្រាប់ខ្លួន គ្រួសារ សង្គមជាតិ និងរបស់ពូផ្ទាល់ ហើយពូជឿថា ក្មួយៗគឺជាវីរៈបុរសសម្រាប់គ្រួសារតាមរយៈជំនាញ និងការងារសមរម្យ”។
បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់អង្គការមិត្តសំឡាញ់ដែលបានបើកវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងមានជីវភាពលំបាកឱ្យទទួលបានជំនាញជាក់លាក់ក្នុងជីវិត និងមានការងារសមរម្យដែលស្របទៅនឹងកម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្នុងការបណ្តុះបណ្តលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសយុវជនគោលដៅមកពីគ្រួសារក្រីក្រចំនួន១.៥លាននាក់ឱ្យមានជំនាញនិងមានការងារសមរម្យក្នុងគោលដៅលើកម្ពស់ជីវភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ។
សូមបញ្ជាក់ថា អង្គការមិត្តសំឡាញ់ បានបណ្តុះបណ្តាលលើមុខជំនាញចំនួន៨ដូចជា កាត់សក់, សំអាងកាយ, ការថែទាំនិងជួសជុលបរិក្ខាអគ្គិសនី, ការជួសជុលម៉ូតូ, ការតំឡើងគ្រោងដែក, ការធ្វើម្ហូបខ្មែរ, សេវាកម្មលក់ទំនិញ៕