ក្រុមមន្ត្រីជំនាញអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី៦ ខែធ្នូ បានចុះត្រួតពិនិត្យសុវត្ថិភាពម្ហូបអាហារនៅទីតាំងកែច្នៃខ្ញីហាន់ និងចែកចាយ ចំនួន ១ទីតាំង ក្នុងភូមិសាស្រ្តខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជាលទ្ធផល បានរកឃើញ៖ ខ្ញីដុំមិនទាន់ហាន់២០៩ថង់ស្មើរ២១៤០គីឡូក្រាម, មានសារធាតុគីមីគ្មានស្លាកសញ្ញាជាសាជូរ ១៧បាវ ស្មើរ១៧០គីឡូក្រាម។ មាស៊ីនហាន់ខ្ញី២គ្រឿង ទំងន់ស្មើនឹង១០០គីឡូក្រាម,ម៉ាស៊ីនលាងខ្ញី១គ្រឿង ទំងន់ ៥០០គីឡូក្រាម, ខ្ញីហាន់រួចមានលាយសារធាតុគីមី ត្រាំSodium Hydrosufit ចំនួន ២៥គីឡូក្រាម
សារធាតុគីមីម្យ៉ាងមានឈ្មោះ Sodium Hydrosulfite ដែលជាប្រភេទសារធាតុគីមីមិនត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ជាសារធាតុបន្ថែមក្នុងម្ហូបអាហារទេ ចំនួន១.៥គីឡូក្រាម។
ការទទួលទានផលិតផលម្ហូបអាហារដែលមានសារធាតុគីមីហាមឃាត់ Sodium Hydrosulfite ទៅក្នុងសារពាង្គកាយមនុស្ស អាចបណ្តាលឱ្យពិបាកដកដង្ហើម សម្ពាធឈាមចុះទាប វិលមុខ ឈឺពោះ ក្អួតចង្អោរ រាគរូស។ សម្រាប់អ្នក Allergic ធ្ងន់ធ្ងរជាមួយសារធាតុខាងលើនេះ ឬអ្នកមានជំងឺហឺត អាចបណ្តាលឱ្យពិបាកដកដង្ហើម និងអាចបាត់បង់ជីវិតបាន។
តាមការអះអាងពីម្ចាស់ទីតាំងខាងលើគឺសារធាតុគីមីទាំងនេះគាត់បានបញ្ជាទិញពីផ្សារច្បារអំពៅ។
ជាវិធានការ មន្ត្រីជំនាញបានដកហូតនូវសារធាតុគីមីជាម្សៅស Sodium Hydrosulfite ចំនួន ១.៥គ.ក. យកមករក្សាទុកជាបណ្តោះអាសន្ននៅសាខា ក.ប.ប. រាជធានី,ឃាត់ជាបណ្តោះអាសន្ននៅនឹងកន្លែង (សៀលទុក) នូវ ខ្ញីហាន់ដែលកំពុងដាក់ត្រាំក្នុងធុងជ័រ និងខ្ញីមើម ចំនួន២០៦៥គីឡូក្រាម។ យកគំរូទៅវិភាគនៅមន្ទីរពិសោធន៍របស់អគ្គនាយកដ្ឋាន ក.ប.ប. បន្តទៀត។ ករណីរកឃើញមានសារធាតុគីមីហាមឃាត់ធ្វើឱ្យប៉ះពាល់ដល់សុខភាព អគ្គនាយកដ្ឋាន ក.ប.ប. នឹងចាត់វិធានការតាមផ្លូវច្បាប់បន្ថែម។
មន្ត្រីជំនាញ ក.ប.ប. អំពាវនាវដល់បុគ្គលធ្វើធុរកិច្ចម្ហូបអាហារ ជាអាទិ៍ អ្នកនាំចូល ផលិតករ សិប្បករ អ្នកកែច្នៃ អ្នកស្តុកទុក អ្នកចែកចាយ អ្នកលក់ដូរម្ហូបអាហារទាំងអស់ សូមមេត្តាកុំប្រើប្រាស់សារធាតុគីមីហាមឃាត់ក្នុងចំណីអាហារ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកទទួលទាន ករណីធ្ងន់ធ្ងរអាចបណ្ដាលឱ្យបាត់បង់ជីវិតភ្លាមៗ ឬបង្ករជាជំងឺរ៉ាំរ៉ៃ ឬជំងឺប្រចាំកាយ រយៈពេលជាយូរអង្វែង៕
អត្ថបទ៖ អក្ខរា