សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ចេញសារលិខិតអបអរសាទរទិវាជាតិ និងអន្តរជាតិប្រឆាំងអំពើពុករលួយ ៩ធ្នូ ដោយបានគូសបញ្ជាក់ថា នឹងបន្តប្តេជ្ញាអនុវត្តន៍បាវចនា ៥ ពាក្យរបស់សម្តេចតេជោ គឺ «ឆ្លុះកញ្ចក់-ងូតទឹក-ដុសក្អែល-ព្យាបាល និងវះកាត់»។
ក្នុងសារលិខិតផ្សព្វផ្សាយនៅថ្ងៃទី៦ ខែធ្នូនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា នឹងបន្តប្តេជ្ញាអនុវត្តន៍បាវចនា ៥ ពាក្យរបស់ សម្តេចតេជោ គឺ «ឆ្លុះកញ្ចក់-ងូតទឹក-ដុសក្អែល-ព្យាបាល និងវះកាត់»។ សម្តេចបន្តថា បាវចនា ៥ ពាក្យនេះ ហើយប្រាកដណាស់ បើយើងឆ្លុះកញ្ចក់-ងូតទឹក-ដុសក្អែល-ព្យាបាល និងវះកាត់ បានជាប្រចាំ នោះសង្គមយើង និងយើងម្នាក់ៗនឹងបន្តទទួលបានភាពស្អាតស្អំ ក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ព្រមទាំងក្នុងការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និងសន្តិភាពរបស់ព្រះរាជាណាចក្រកម្ពុជា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា រាជរដ្ឋាភិបាល គ្រប់ស្ថាប័ន ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ វិស័យឯកជន សង្គមស៊ីវិល អ្នកសារព័ត៌មាន និងប្រជាជន បានរួមគ្នាមិនឈប់ឈរ អស់រយៈពេល ៦ អាណត្តិកន្លងទៅ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃ របស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការ ១)ការអប់រំ ដើម្បីម្នាក់ៗមិនចង់ពុករលួយ ២)ការបង្ការ ទប់ស្កាត់ ដើម្បីម្នាក់ៗមិនអាច ពុករលួយ ៣)ការអនុវត្តច្បាប់ ដើម្បីឱ្យម្នាក់ៗមិនហ៊ានពុករលួយ។
បើតាមសម្តេចធិបតីនាយករដ្ឋមន្ត្រី, តាំងពីយុទ្ធសាស្ត្រត្រីកោណ-ចតុកោណ និងនាពេលនេះ គឺយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាល ទី១ ក្នុងនាមរាជរដ្ឋាភិបាលអាណត្តិថ្មី អាណត្តិទី ៧នេះ សម្តេចប្តេជ្ញាបន្តវរភាពគំរូរបស់ សម្តេចតេជោ ហ៊ុន សែន ជំរុញការកែទម្រង់ ការពង្រឹងអភិបាលកិច្ច ដោយផ្ដោតលើការលើកកម្ពស់ និងការពង្រឹងភាពស្អាតស្អំក្នុងរដ្ឋបាលសាធារណៈ ហើយរាជរដ្ឋាភិបាលផ្ដោតអាទិភាពលើការងារទាំង ៥ រួមមាន៖ ទី១- ការរៀបចំ និងការដាក់ឱ្យអនុវត្តក្រមសីលធម៌វិជ្ជាជីវៈ និងក្រមប្រតិបត្តិក្នុងមុខងារសាធារណៈ ព្រមទាំងការជំរុញការគោរពខ្ជាប់ខ្ជួននូវគោលការណ៍វិសមិតភាពមុខងារ និងទំនាស់ផល ប្រយោជន៍ នៅក្នុងការបំពេញការងាររបស់មន្ត្រីសាធារណៈ។ ទី២- ការពង្រឹងប្រសិទ្ធភាព នៃការធ្វើអធិការកិច្ច និងសវនកម្ម ព្រមទាំងការរៀបចំក្របខ័ណ្ឌ និង វិធាន នៃប្រព័ន្ធអធិការកិច្ច និងសវនកម្ម ដើម្បីធានាសុខដុមនីយកម្ម នៃមុខងារអធិការកិច្ច និងសវនកម្ម ក្នុងរដ្ឋបាលសាធារណៈ។ ទី៣- ការពង្រឹងយន្តការគ្រប់គ្រង និងផ្តល់សេវាសាធារណៈ ការផ្ដល់ការលើកទឹកចិត្ត ផ្អែកលើគុណាធិបតេយ្យ និងការចាត់វិធានការម៉ឹងម៉ាត់តាមច្បាប់ ក្នុងការអនុវត្តតួនាទី និងភារកិច្ច ដើម្បីបង្កើនជំនឿទុកចិត្ត និងប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈ។ ទី៤- ការបន្តពង្រឹង និងពង្រីកលើការងារអប់រំ បង្ការ និងទប់ស្កាត់ជាចម្បង ព្រមទាំងការពង្រឹង ការអនុវត្តច្បាប់យ៉ាងម៉ឹងម៉ាត់ ដើម្បីបង្ក្រាបបទល្មើសអំពើពុករលួយ ។ ទី៥- ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងអង្គភាពប្រឆាំងអំពើពុករលួយ និងស្ថាប័នសាធារណៈ ជាពិសេសតាមរយៈយន្តការជនបង្គោល ទាំងការងារអប់រំ និងការងារបង្ការទប់ស្កាត់ ដើម្បីរៀបចំដាក់ឱ្យអនុវត្ត តាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ការអនុវត្តផែនការយុទ្ធសាស្ត្រ និងលើកកម្ពស់ភាពស្អាតស្អំ នៅតាមសា្ថប័នសាធារណៈ។
ក្រោមពាក្យស្លោក «បម្រើផលប្រយោជន៍ប្រជាជនជាចម្បង ៖ ផ្តល់សេវាសាធារណៈប្រកបដោយ តម្លាភាព ងាយស្រួល និងជឿទុកចិត្ត ពង្រឹងការបង្ការទប់ស្កាត់» សម្រាប់ឆ្នាំ២០២៤ ខាងមុខនេះ សម្តេចធិបតី បានអំពាវនាវដល់គ្រប់ក្រសួងស្ថាប័ន អាជ្ញាធរគ្រប់ជាន់ថ្នាក់ វិស័យឯកជន ប្រជាជន មហាជនទាំងអស់ គាំទ្រ និងសហការជាមួយរាជរដ្ឋាភិបាល ជាមួយអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីបំពេញបេសកកម្មជាប្រវត្តិសាស្ត្របន្តទៀត រហូតដល់សម្រេចបំណងចុងក្រោយ គឺសង្គមស្អាតស្អំបវររុងរឿង៕
អត្ថបទ៖ អក្ខរា