ពិធីបើកជាផ្លូវការកិច្ចប្រជុំកំពូលសភាកម្ពុជា-ឡាវ-វៀតណាម(CLV) លើកទី១ បានដំណើរការកិច្ចប្រជុំពេញអង្គរបស់ខ្លួន នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ នៅសណ្ឋាគារ Crowne Plaza នាទីក្រុងវៀងចន្ទន៍ ដោយនៅក្នុងនោះមានការថ្លែងសុន្ទរកថាគន្លឹះពីថ្នាក់ដឹកនាំរដ្ឋសភាប្រទេសកម្ពុជា ឡាវ និងវៀតណាម ជាមួយរបាយការណ៍ពីអាជ្ញាធរ និងដៃគូអភិវឌ្ឍន៍នានាពីលទ្ធផល ដែលតំបន់ត្រីកោណអភិវឌ្ឍទទួលបាននាពេលកន្លងមក។
ក្នុងសុន្ទរកថាគន្លឹះជូនកិច្ចប្រជុំ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានលើកឡើងថា កិច្ចប្រជុំកំពូលសភាCLV នាពេលនេះ ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ក្របកដោយចក្ខុវិស័យសំដៅលើកកម្ពស់យន្តការសភា ពង្រឹងកិច្ចសហប្រតិបត្តិការ និងលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រ ប្រទេសទំាងបី ឱ្យកាន់តែទូលំទូលាយ និងស៊ីជម្រៅថែមទៀត ដែលស្តែងចេញពីគុណតម្លៃរួម នៃការថែរក្សាសន្តិភាព ការលើកកម្ពស់វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាព និងភាពធន់។
សម្តេចរដ្ឋសភាធិបតី បានមានប្រសាសន៍លើកឡើងបន្តថា ត្រីកោណអភិវឌ្ឍន៍ CLV បានបង្កើតឡើងនៅឆ្នាំ១៩៩៩ ដែល សម្តេចតេជោ ហ៊ុន សែន បានផ្តួចផ្តើមគឺជាត្រីវិស័យនៃការនាំផ្លូវមួយ ដើម្បីប្រែក្លាយតំបន់ព្រំដែន ទៅជាតំបន់អភិវឌ្ឍន៍ និងសុខដុមនីយកម្ម នៃការតភ្ជាប់ប្រជាជននិងប្រជាជននៃប្រទេសទាំងបី នៅលើដងវិថីនៃសន្តិភាព សន្តិសហវិជ្ជមាន និងវិបុលភាពរួមគ្នា។
សម្តេចប្រធានរដ្ឋសភាបានគូសបញ្ជាក់ថា ការពង្រឹងយន្តការសភាក្នុងការចូលរួមការអភិវឌ្ឍន៍តំបន់CLV ជាសក្ខីភាពមួយ បម្រើឱ្យគោលដៅជាយុទ្ធសាស្ត្រដែលឈរលើមូលដ្ឋាន នៃការគោរព និងជឿទុកចិត្តគ្នាទៅវិញទៅមក ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការផ្នែកនយោបាយ វប្បធម៌ សេដ្ឋកិច្ច និងសន្តិសុខ ដែលរហូតមកដល់ពេលនេះ បាននាំមកនូវផលប្រយោជន៍ជាច្រើន សម្រាប់ប្រជាជន នៃប្រទេសទាំងបី។
តំបន់អភិវឌ្ឍន៍ត្រីកោណនៃប្រទេសទំាងបីមានចំនួន១៣ខេត្ត ប្រទេសវៀតណាមមានចំនួន៥ខេត្ត ប្រទេសឡាវមានចំនួន៤ខេត្ត និងព្រះរាជាណាចក្រកម្ពុជា មានចំនួន៤ខេត្ត ជាអាទិ៍ ខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។ តំបន់អភិឌ្ឍន៍ត្រីកោណនៃប្រទេសទាំងបីជាតំបន់ដែលប្រកបដោយសក្តានុពល មានធនធានធម្មជាតិ និងជីវចម្រុះជាច្រើនវិស័យ។
នៅក្នុងការអនុវត្តយន្តការសភាដើម្បីចូលរួមជំរុញការអភិវឌ្ឍនៅក្នុងតំបន់អភិវឌ្ឍន៍ត្រីកោណ រដ្ឋសភាប្រទេសកម្ពុជា ឡាវ និងវៀតណាម កន្លងមក បានរៀបចំកិច្ចប្រជុំគណៈកម្មការជំនាញនៃប្រទេសទំាងបី មានកិច្ចប្រជុំគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងគណៈកម្មការសន្តិសុខ ការពារជាតិ។ នៅឆ្នាំ២០២២ ប្រធានរដ្ឋសភាប្រទេសទំាងបី បានឯកភាពគ្នាក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការសភាក្នុងក្របខ័ណ្ឌCLV ទៅជាកិច្ចប្រជុំកំពូលសភាប្រទេសទំាងបី ដែលនៅឆ្នាំ២០២៣នេះ រដ្ឋសភាប្រទេសឡាវធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ បន្ទាប់មករដ្ឋសភាវៀតណាម និងកម្ពុជា ត្រូវប្តូរវេនគ្នារៀបចំកិច្ចប្រជុំជាបន្តបន្ទាប់។
សម្តេចរដ្ឋសភាធិបតី បានមានប្រសាសន៍លើកឡើងថា តំបន់អភិវឌ្ឍន៍ត្រីកោណអភិវឌ្ឍន៍ (CLV) ដើរតួនាទីយុទ្ធសាស្ត្រជាកត្តាជំរុញឱ្យមានការផ្លាស់ប្តូរ ក្នុងការតភ្ជាប់តំបន់របស់យើងឱ្យទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏រស់រវើក ដែលអាចទាក់ទាញវិនិយោគគាំទ្រដល់បណ្តាញផលិតកម្ម និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ នៅក្នុងមហាអនុតំបន់។ ផែនការមេ សម្រាប់ការអភិវឌ្ឍ សេដ្ឋកិច្ច-សង្គមនៅក្នុង CLV គួរតែត្រូវបានកែសម្រួល និងធ្វើបច្ចុប្បន្នភាព ដើម្បីឱ្យស្របទៅនឹងភាពជាក់ស្តែង នៃសេដ្ឋកិច្ចថ្មីក្រោយពេលងើបឡើងវិញ ពីវិបត្តិនៃជំងឺកូវីដ-១៩ និងបរិបទសកល។សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍ថា កម្ពុជា ឡាវ និងវៀតណាម ចាំបាច់ត្រូវទាញយកប្រយោជន៍នៃសក្ដានុពលរួម CLV ដើម្បីជំរុញវិបុលភាពរួម។
សម្តេចបានលើកទឹកចិត្តដល់អ្នកពាក់ព័ន្ធពិភាក្សាលើការងារអាទិភាពចំបងមួយចំនួន ដូចជា ការសម្របសម្រួលពាណិជ្ជកម្មឆ្លងព្រំដែន ការលើកកម្ពស់លំហូរវិនិយោគ ការជំរុញកិច្ចសហប្រតិបត្តិការវិស័យថាមពល សន្តិសុខទឹក សន្តិសុខស្បៀង សុខាភិបាល និងសុខភាពសាធារណៈ ការអប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ការឆ្លើយតបនឹងគ្រោះមហន្តរាយ និងការប្រែប្រួលអាកាសធាតុ និងការពង្រឹងការផ្សារភ្ជាប់ទាំងហេដ្ឋារចនាសម្ព័ន្ធរឹងនិងទន់។
ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភាបានស្នើឱ្យមានការលើកកម្ពស់ពាណិជ្ជកម្មឌីជីថល បង្កើនសមត្ថភាព និងភាពធន់នៃសហគ្រាសធុនតូច និងមធ្យម (MSMEs) វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ (STI)។ ការតភ្ជាប់ទាំងអស់នេះ ជាធាតុសំខាន់មួយ ក្នុងផែនការសកម្មភាព សម្រាប់ការតភ្ជាប់សេដ្ឋកិច្ច CLV ឆ្ពោះទៅឆ្នាំ២០៣០។
សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា យុទ្ធសាស្ត្ររួមគ្នានេះនឹងជួយលើកកម្ពស់ភាពរស់រវើក និងនិរន្តរភាព នៃសេដ្ឋកិច្ចក្នុងតំបន់។ ចំណុចស្នូល នៃកិច្ចសហប្រតិបត្តិការរបស់យើង ត្រូវផ្តោតលើអភិបាលកិច្ចល្អ តម្លាភាព និងគណនេយ្យភាព។ ដើម្បីសម្រេចចក្ខុវិស័យនេះសម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានលើកទឹកចិត្តដល់ការលើកកម្ពស់កិច្ចសហប្រតិបត្តិការគ្រប់វិស័យឱ្យស្អិតរមួត រវាងប្រទេសទាំងបី ដោយផ្តោតលើការកសាងផែនការមេទេសចរណ៍ ប្រកបដោយគុណភាពជាប្រព័ន្ធ និងងាយស្រួលអនុវត្ត ដើម្បីជំរុញវិស័យទេសចរណ៍ឱ្យក្លាយជាយន្តការ នៃការជំរុញសេដ្ឋកិច្ចនៅក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ ដែលសម្បូរទៅដោយធនធានធម្មជាតិ និងជីវៈចម្រុះយ៉ាងសម្បូរបែប ដោយឈរលើគំនិតផ្តួចផ្តើមប្រទេស ៣ គោលដៅទេសចរណ៍តែមួយ៕