ឯកឧត្ដម ហ៊ុន ម៉ានី៖ ការជ្រើសរើសមន្ត្រីត្រូវឈរលើគោលការណ៍ «ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត»

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ឯកឧត្ដម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកឡើងថា “ចាប់តាំងពីដំណាក់កាលផ្សព្វផ្សាយ ទាំងការដាក់ពាក្យ ទាំងការរៀបចំនីតិវិធីនានាសម្រាប់ដំណើរការជ្រើសរើស ប្រឡង និងកំណែប្រឡង សុទ្ធតែត្រូវបានឆ្លងកាត់ការពិភាក្សា និងការគិតគូរពិចារណាយ៉ាងហ្មត់ចត់បំផុតដោយ គណៈកម្មការជំនាញអន្តរក្រសួង ធ្វើយ៉ាងណាធានាដល់ការរៀបចំប្រព័ន្ធជ្រើសរើសមួយដែលផ្តល់ឱកាសស្មើៗគ្ន មាន តម្លាភាព មានយុត្តិធម៌ និងផ្អែកលើសមត្ថភាពពិតប្រាកដដូចអ្វីដែល សម្ដេចមហាបវរធិបតីនាយក រដ្ឋមន្ត្រី បានលើកឡើងថា “ការជ្រើសរើសមន្ត្រីត្រូវឈរលើគោលការណ៍ «ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ ចិត្ត»។

ឯកឧត្តមរដ្ឋមន្ត្រីបានបើកទូលាយចំពោះការចូលរួមពីសាធារណជនថា “គណៈកម្មការរៀបចំការប្រឡង លើកទឹកចិត្តឱ្យមានការចូលរួមតាមដានជាប្រចាំទាំងអស់គា្នលើដំណើរការនៃការប្រឡងក្នុងឆន្ទៈពិតប្រាកដចំពោះ និងសូមស្វាគមន៍រាល់មតិចូលរួមដើម្បីស្ថាបនាជាវិជ្ជមាន។”

សូមជម្រាបថា ក្រសួងមុខងារសាធារណៈ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំសន្និសីទសារព័ត៌មាន ស្តីពី «ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំឆ្នាំ២០២៣» នារសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើសន្និសីទសារព័ត៌មានរួមគ្នា ស្ដីពី «ការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឆ្នាំ២០២៣»។

កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ រាជរដ្ឋាភិបាលបានផ្ដល់ការឯកភាពដល់ការ ជ្រើសរើសមន្ត្រីកសិកម្មចំនួន ១៦០០នាក់ ក្នុងរយៈពេល៣ឆ្នាំ ក្នុងនោះ ក្នុងឆ្នាំ២០២៣ ចំនួន២៥០នាក់, ក្នុងឆ្នាំ ២០២៤ ចំនួន៨០០នាក់ និងក្នុងឆ្នាំ២០២៥ ចំនួន៥៥០នាក់ ដើម្បីបែងចែកទៅតាមឃុំ‐សង្កាត់ដែលមាន សកម្មភាពកសិកម្មនៅទូទាំងប្រទេស។ សម្រាប់ឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជារៀបចំជ្រើសរើសមន្ត្រីកសិកម្មឃុំ ចំនួន២៥០នាក់ ដើម្បីដាក់ពង្រាយនៅតាមឃុំចំនួន២៥០ ក្នុងស្រុកចំនួន៨៩ នៃខេត្តចំនួន១៧។ មន្ត្រីកសិកម្ម ឃុំ-សង្កាត់ទាំងអស់នឹងស្នាក់នៅជាអចិន្ត្រៃយ៍នៅមូលដ្ឋាន ដោយផ្សារភ្ជាប់ការងារនិងជីវភាពផ្ទាល់ជាមួយប្រជា កសិករប្រមូល ព័ត៌មានអំពីស្ថានភាពផលិតកម្មកសិកម្មនៅមូលដ្ឋាន ព្រមទាំងផ្ដល់ព័ត៌មាន និងសំណូមពររបស់ ប្រជាកសិករមកក្រសួងដើម្បីពិនិត្យ និងស្វែករកដំណោះស្រាយបានទាន់ពេលវេលា។

ទាក់ទងនឹងការជ្រើសរើសមន្ត្រីកសិកម្មឃុំនេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា “មន្ត្រីកសិកម្មឃុំដែលជ្រើសរើសថ្មី នឹងជួយផ្ដល់ជំនាញបច្ចេកទេសទាន់ពេលវេលា ដល់កសិករនៅតាមមូលដ្ឋានឃុំ-សង្កាត់សំដៅលើកកម្ពស់ជីវភាពនិងបង្កើនប្រាក់ចំណេញរបស់កសិករ ដោយកាត់បន្ថយថ្លៃដើមជាអតិបរមា។”

សូមជម្រាបថា ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឆ្នាំ២០២៣ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ ២០២៣ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ចំពោះវិញ្ញាសាប្រឡងនឹងត្រូវបានរៀបចំជា៣ផ្នែកគឺ៖(១)វិញ្ញាសា សរសេរ ជំនាញកសិកម្ម រយៈពេល២ម៉ោង (២)វិញ្ញាសាពហុចម្លើយ រយៈពេល១ម៉ោង ដែលមានរួមបញ្ចូលគ្នានូវ ជំនាញកសិកម្ម និងចំណេះដឹងទូទៅពាក់ព័ន្ធនឹងរដ្ឋបាលសាធារណៈ មុខងារសាធារណៈ ក្រមសីលធម៌ គណិត សាស្ត្រ ព័ត៌មានវិទ្យា ភូមិសាស្ត្រ និង(៣) វិញ្ញាសាសរសេរភាសាអង់គ្លេស រយៈពេល១ម៉ោង៕

អត្ថបទ៖ អក្ខរា