នៅក្នុងអំឡុងពេលនៃដំណើរការឆ្នាំសិក្សា ២០២៣-២០២៤ ក្រសួងនឹងជ្រើសរើស សាលារៀនសំណាក ដែលជាសាលារៀនមានសក្តានុពលប្រមាណ ៥០០សាលា ដើម្បីទទួលការជួយគាំទ្រនិងធ្វើការវាយតម្លៃ ដោយរំពឹងថាសម្រេចបានតាមស្តង់ដាសាលារៀនគំរូ ក្នុងរយៈពេល២ឆ្នាំខាងមុខ។ នេះបើតាមការលើកឡើងរបស់ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២៣-២០២៤។
ជាមួយគ្នានេះ ក្រសួងនឹងរៀបចំយន្តការជំរុញអនុវត្តសាលារៀនគំរូ និងយន្តការចុះជួយសាលារៀន រួមមាន៖ ក្រុមនាយកសាលាល្អ, ក្រុមអ្នកឯកទេស ដូចជាកម្មវិធីសិក្សា, រង្វាយតម្លៃ, ហិរញ្ញវត្ថុ, និងការគ្រប់គ្រងទូទៅ ,ក្រុមគ្រូបង្រៀនល្អ, កម្មវិធីអភិវឌ្ឍភាពជាអ្នកដឹកនាំសាលារៀន, កម្មវិធីអភិវឌ្ឍគ្រូបង្រៀន, ការបង្ហាត់បង្ហាញអំពី ការបង្រៀនគណិតវិទ្យាថ្នាក់ដំបូង និងគណិតវិទ្យាថ្នាក់ដំបូងនៅបឋមសិក្សានិងវិធីសាស្ត្របង្រៀនថ្មីនៅមធ្យមសិក្សា។
ឯកឧត្ដមបន្តថា ក្រសួងក៏នឹងបង្កើតក្រុមការងារវាយតម្លៃសាលារៀន ដើម្បីចុះវាយតម្លៃសាលារៀន ដោយ ប្រើប្រាស់ស្តង់ដា និងសូចនាករដែលបានរៀបចំក្នុងគោលដៅផ្ដល់ការគាំទ្រ និងការចុះជួយនៅតាមសាលារៀនគោលដៅដែលមិនសម្រេចបានតាមស្ដង់ដា និងរៀបចំផ្ដល់ការលើកទឹកចិត្ត ចំពោះសាលារៀនដែលសម្រេចបានតាមស្តង់ដា។
បើតាមឯកឧត្ដមហង់ជួន ណារ៉ុន ក្រសួងអប់រំ យុវជន និងកីឡា នឹងអនុវត្តគំនិតផ្តួចផ្តើមរបស់សម្ដេចធិបតី ឱ្យបានជោគជ័យប្រកបដោយផ្លែផ្កា ក្នុងរយៈពេលពីរឆ្នាំខាងមុខ ដោយត្រូវប្រែក្លាយគ្រឹះស្ថានសិក្សាយ៉ាងហោចណាស់ចំនួន ៥០០ ទៅ ១០០០ ឱ្យក្លាយទៅជាសាលារៀនគំរូ ដោយចាប់ផ្តើមពីការរៀបចំសាលារៀនគំរូ សម្រាប់ប្រកាសនៅក្នុង សន្និបាតអប់រំ នាខែមេសា ឆ្នាំ២០២៤ខាងមុខ ឱ្យបានពី ៥០ ទៅ ១០០ សាលា។
សូមជម្រាបថា មកទល់ពេលនេះ កម្ពុជាមានសាលារៀនគ្រប់កម្រិតសិក្សា ស្ទើរតែគ្រប់ទីតាំងភូមិសាស្ត្រទូទាំងប្រទេស ក្នុងគោលដៅបង្ខិតសាលារៀនឱ្យទៅជិត លំនៅដ្ឋានរបស់ប្រជាជន។ ជាក់ស្តែង ក្នុងឆ្នាំសិក្សា២០២៣-២០២៤នេះ មានសាលាមត្តេយ្យសិក្សាសាធារណៈសរុប ៤,៦៥១ និងសិស្សមត្តេយ្យសិក្សាសាធារណៈសរុប ២៣៩,៤១៨ នាក់ ស្រី ១២៧,៤៩៣នាក់។ សាលាបឋមសិក្សាសាធារណៈសរុប ៧,៣៤៨ និងសិស្សបឋមសិក្សាសាធារណៈសរុប ២,០៧៣,៤៥១នាក់ ស្រី ១,២២២,២៧១នាក់។ អនុវិទ្យាល័យសាធារណៈសរុប ១,២៤៤ និងសិស្សមធ្យមសិក្សាបឋមភូមិសាធារណៈសរុប ៥១២,៣៩៦ នាក់ ស្រី ២៥៧,៧៦១នាក់។ វិទ្យាល័យសាធារណៈសរុប ៥៧៥ និងសិស្សមធ្យសិក្សាទុតិយភូមិសាធារណៈសរុប ៤៧៥,១៦៨ នាក់ ស្រី ២៧០,៥១៩នាក់៕
អត្ថបទ៖ អក្ខរា