ក្រសួងពីរ បន្តកិច្ចសហការរួមគ្នាការពារសុវត្ថិភាពលើវិស័យបច្ចេកវិទ្យាជូនប្រជាពលរដ្ឋ

ក្រសួងមហាផ្ទៃ និងក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ នឹងបន្តកិច្ចសហការរួមគ្នាបន្ថែមទៀត ក្នុងគោល​បំណង​ចូលរួមចំណែកការពារសុខសន្តិភាព និងសុវត្ថិភាពលើវិស័យបច្ចេកវិទ្យាជូនប្រជាពលរដ្ឋប្រកបដោយកិត្យា​នុភាព។ នេះបើតាមការឲ្យដឹងក្នុងកិច្ចប្រជុំពិភាក្សាការងារ និងផ្លាស់ប្ដូរបទពិសោធន៍រវាងឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ជាមួយតំណាងនៃក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ ដែលមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធ កាលពីថ្ងៃទី0១ ខែធ្នូ ឆ្នាំ២០២៣។

ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ បានសម្តែងនូវការអរគុណចំពោះក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ ដែលបានផ្តល់ការបណ្តុះបណ្តាលផ្នែកបច្ចេកវិទ្យាដល់មន្ត្រីរបស់ក្រសួងមហាផ្ទៃ និងផ្តល់នូវឧបករណ៍ និងសម្ភារៈប្រើប្រាស់ក្នុងក្របខណ្ឌបច្ចេកវិទ្យាសម្រាប់ប្រើប្រាស់ដល់ក្រសួងមហាផ្ទៃ នាពេលកន្លងមក។

ឯកឧត្តម នាយឧត្តមសេនីយ៍ បានមានប្រសាសន៍ថា ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល បានសង្កត់ធ្ងន់ទៅលើបញ្ហាបច្ចេកវិទ្យាឌីជីថល ហើយក្រសួងទាំងពីរដែលជាសេនាធិការររបស់រាជរដ្ឋាភិបាលនឹងបន្តជម្រុញ ក៏ដូចជាធ្វើការរួមគ្នា ដើម្បីបំពេញកិច្ចការងារយុទ្ធសាស្ត្រ ការផ្តល់សេវាសាធារណៈតាម​រយៈ​ច្រកចេញចូលតែមួយឱ្យបានលឿន រហ័ស ចំណាយពេលវេលាតិច ដើម្បីបានជាប្រយោជន៍បម្រើដល់ប្រជាពលរដ្ឋ។ ទន្ទឹមនឹងនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ ក៏បានលើកឡើងអំពីកិច្ចការងារសំខាន់ៗមួយចំនួន ដែលក្រសួងទាំងពីរត្រូវបន្តធ្វើការរួមគ្នាផងដែរ។

ឯកឧត្តម លីវ សុផាណារិទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានសម្តែងនូវការឯកភាព ចំពោះ​ការលើកឡើងរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ រដ្ឋលេខាធិការ។ ជាមួយគ្នានោះ ឯកឧត្តម ក៏បានលើកឡើងដោយសង្ខេបបន្ថែមនូវកិច្ចការងារ ដែលក្រសួងទាំងពីរបានបំពេញរួមគ្នានាពេលកន្លងមកផងដែរ៕