សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃកម្ពុជាបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា បំពេញទស្សនកិច្ចជាផ្លូវការនិងមិត្តភាព នៅសាធារណរដ្ឋសង្គមនិយមវៀតណាមពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣។
នៅក្នុងថ្ងៃទី២នៃដំណើរទស្សនកិច្ចជាផ្លូវការ និងមិត្តភាពរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃកម្ពុជា នៅសាធារណរដ្ឋសង្គមនិយមវៀតណាម នាព្រឹកថ្ងៃសុក្រ ទី១ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម វឿង ឌិញហ្វេ (VUONG Dinh Hue) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅវិមានរដ្ឋសភាវៀតណាម នាទីក្រុងហាណូយ។
នៅក្នុងជំនួបនោះ សម្តេចរដ្ឋសភាធិបតី និងឯកឧត្តមប្រធានរដ្ឋសភាវៀតណាម បានលើកឡើងពីទំនាក់ទំនងដ៏ល្អ រវាងព្រះរាជាណាចក្រកម្ពុជា និងវៀតណាម ដែលមានតំាងពីយូរលុងមកហើយ និងបានពូនជ្រុំឡើងដោយថ្នាក់ដឹកនាំប្រទេសទំាងពីរនៅគ្រប់ជំនាន់។ ជាទំនាក់ទំនងដែលបានប្រកៀកស្មាគ្នាដើម្បីបញ្ចប់សង្រ្គាម ការបង្រួបបង្រួមទឹកដី និងឯករាជ្យជាតិ។ ទំនាក់ទំនងជាប្រពៃណីអ្នកជិតខាងល្អ ដៃគូសហប្រតិបត្តិការជានិរន្ត មានការរីកចម្រើនឥតឈប់ឈរដោយឈរលើស្មារតីស្មោះត្រង់ ជឿជាក់ និងការយោគយល់គ្នាទៅវិញទៅមក បាននាំមកនូវផលប្រយោជន៍ដល់ប្រទេសទំាងសងខាង។
សម្តេចរដ្ឋសភាធិបតី បានអបអរសាទរចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ប្រទេសវៀតណាម និងជឿជាក់ថាក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងប៉ិនប្រសប់របស់បក្ស និងរដ្ឋ ប្រទេសវៀតណាមនឹងទទួលបានការអភិវឌ្ឍបន្ថែមទៀត ជាប្រទេសដែលមានសក្តានុពលសេដ្ឋកិច្ច នៅក្នុងតំបន់។ សម្តេច ក៏បានគំាទ្រប្រសាសន៍លើកឡើងរបស់ភាគី និងបានគូសបញ្ជាក់ពីសារៈសំខាន់នៅក្នុងការពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការគ្នារវាងប្រទេសជិតខាងភូមិផងរបងជាប់គ្នាថា មានសារៈសំខាន់នៅក្នុងស្ថានការណ៍ពិភពលោកមានភាពស្មុគស្មាញ និង ហានិភ័យខ្ពស់។ ឈរលើចំណងមិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជានិរន្ត នេះហើយទើបរដ្ឋសភាកម្ពុជាបានជ្រើសរើសដំណើរទស្សនកិច្ចមកកាន់ប្រទេសវៀតណាម និងឡាវ ជាដំណើរទស្សនកិច្ចផ្លូវការ និងមិត្តភាពដំបូងគេបង្អស់ នៅដើមរដ្ឋសភានីតិកាលទី៧នេះ។
សម្តេចរដ្ឋសភាធិបតី ក៏បានសម្តែងការពេញចិត្តជាខ្លំាងនៃការរីកចម្រើន លើកិច្ចសហប្រតិបត្តិការគ្រប់វិស័យរបស់រដ្ឋាភិបាលប្រទេសទំាងពីរ ជាពិសេសកំណើនពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម ដែលសម្រេចដល់១០ពាន់លានដុល្លារក្នុងមួយឆ្នាំ ជាចំនុចវិជ្ជមានមួយ បានបម្រើផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទំាងពីរ។ រដ្ឋសភាកម្ពុជា គំាទ្រនូវការដាក់ចេញគោលនយោបាយទេសចរណ៍របស់ប្រទេសកម្ពុជា វៀតណាម និងឡាវ គឺកញ្ចប់ទេសចរណ៍មួយគោលដៅបី។
ភាគីទាំងពីរបានប្តេជ្ញារួមគ្នានៅក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទំាងពីរ ទំាងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដូចជាបន្ត និងពង្រីកការផ្លាស់ប្តូរដំណើរទស្សនកិច្ចថ្នាក់ដឹកនាំ សមាជិករដ្ឋសភា ក្រុមមិត្តភាព សមាជិកសភាស្រ្តី និងសមាជិកសភាវ័យក្មេង។ លើកកម្ពស់ជំរុញដល់កិច្ចសហប្រតិបត្តិការរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភាប្រទេសទំាងពីរ និងជំរុញដល់ការអនុវត្តឱ្យមានប្រសិទ្ធភាពនូវរាល់កិច្ចព្រមព្រៀង ដែលប្រទេសទំាងពីរបានធ្វើកន្លងមក ដូចជាការកសាងបន្ទាត់ព្រំដែនទៅជាបន្ទាត់ព្រំដែនសន្តិភាព និងអភិវឌ្ឍន៍ ការរុករកនិងបញ្ជូនឥដ្ឋិធាតុយុទ្ធពលីវៀតណាមនៅកម្ពុជា ការបង្កើតកិច្ចសហប្រតិបត្តិការលើបញ្ហាសន្តិសុខអ៊ីនធឺណែត ជាដើម៕