ខេត្តព្រះសីហនុ  និងស្វាយរៀង នឹងមានរោងចក្រថ្មីតម្លៃជិត ៣៣ លានដុល្លារ នាពេលខាងមុខ

នាពេលខាងមុខនេះ ខេត្តព្រះសីហនុ  និងខេត្តស្វាយរៀង នឹងមានរោងចក្រថ្មី ដែលចាយទុនវិនិយោគដោយក្រុមហ៊ុនចំនួន៧ ក្នុងតម្លៃ៣២.៩លានដុល្លារ ខណៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទើបតែសម្រេចអនុម័តជាផ្លូវការ។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជី គម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១- ក្រុមហ៊ុន “ Justmarvelous Co., Ltd.” វិនិយោគបង្កើតរោងចក្រផលិតក្រណាត់ ដែលមានទីតាំងវិនិយោគស្ថិត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី ស្ថិតនៅខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណ ៨,២ លានដុល្លារអាម៉េរិក។

២- “ក្រុមហ៊ុន Vacation Industry Co., Ltd.” វិនិយោគបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ (Waterproof Storage Bag, Backpack Bag, Cooler Bag) ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុង តំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ស្វាយរៀង ស្ថិតនៅខេត្តស្វាយរៀង ក្នុងទុនវិនិយោគប្រមាណ ៧,៣ លានដុល្លារអាម៉េរិក។

៣- “ក្រុមហ៊ុន Star United Christmas Decoration Co., Ltd.” វិនិយោគបង្កើតរោងចក្រផលិត ដើមគ្រីស្មាស់ និងសម្ភារៈលំអដើមគ្រីស្មាស់ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង ហ្គីហ្គា រីសស៍ ស្ថិតនៅខេត្តស្វាយរៀង ក្នុងទុនវិនិយោគ ៦លានដុល្លារអាម៉េរិក។

៤- “ក្រុមហ៊ុន CH Lighting Tree Co., Ltd.” វិនិយោគបង្កើតរោងចក្រផលិតដើមណូអែល អំពូលភ្លើងលម្អដើមណូអែល សម្ភារៈតុបតែងលម្អដើមណូអែល និងវត្ថុអនុស្សាវរីយ៍ ដែលមានទីតាំង វិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ហាយ-ផាក ស្ថិតនៅខេត្តស្វាយរៀង ក្នុងទុនវិនិយោគប្រមាណ ៥,៨លានដុល្លារអាម៉េរិក។

៥- “ក្រុមហ៊ុន Kamelun Wood Co., Ltd.” វិនិយោគបង្កើតរោងចក្រផលិតក្តារប៉ាកេ ក្តារបន្ទះ គ្រឿងតុបតែងពីឈើ និងគ្រឿងសង្ហារិមគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ស្ថិតនៅខេត្តព្រះសីហនុ ក្នុងទុនវិនិយោគ ៣លានដុល្លារអាម៉េរិក។

៦- “ក្រុមហ៊ុន Angel Wood (Cambodia) Co., Ltd.” វិនិយោគបង្កើតរោងចក្រផលិតផលិតផលឈើ (ក្តារប៉ាកេ ក្តារបន្ទះ និងក្តារផ្សេងៗ) ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ស្ថិតនៅខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណ ១,៤លានដុល្លារអាម៉េរិក។

៧- “ក្រុមហ៊ុន Glorious Building Material (Cambodia) Co., Ltd.” វិនិយោគបង្កើតរោងចក្រផលិតស៊ុមទ្វារ ស៊ុមបង្អួច និងជ្រីធ្វើអំពីឈើ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយសេង បាវិត ស្ថិតនៅខេត្តស្វាយរៀង ក្នុងទុនវិនិយោគប្រមាណ ១,២លានដុល្លារអាម៉េរិក។

គួរបញ្ជាក់ដែរថា តាមរយៈការវិនិយោគរបស់ក្រុមហ៊ុនទាំង៧ នៅក្នុងខេត្តទាំងពីរខាងលើនេះ នឹងអាចបង្កើតឱកាសការងារជូនប្រជាពលរដ្ឋកម្ពុជា ប្រមាណ ៣ ៤៧០ កន្លែង៕

អត្ថបទ៖ រង្សី