សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការអភិវឌ្ឍវិស័យអគ្គិសនី នៅតែជាវិស័យអាទិភាពមួយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ខណៈសម្តេចធិបតីអះអាងថា រាជរដ្ឋាភិបាល ក៏បានប្តេជ្ញាធ្វើឱ្យភូមិចំនួន ១ភាគរយ ដែលមិនទាន់មានអគ្គីសនីប្រើប្រាស់ ឱ្យមានអគ្គីសនីប្រើប្រាស់នៅមុនឆ្នាំ២០៣០។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងបែបនេះ នាឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទស្ទឹងសាងសង់ទំនប់វារីអគ្គិសនីស្ទឹងតាតៃលើ អានុភាព ១៥០មេហ្កាវ៉ាត់ នៅស្រុកថ្មបាំង ខេត្តកោះកុង នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។
នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការអភិវឌ្ឍវិស័យអគ្គិសនី នៅតែជាវិស័យអាទិភាពមួយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដើម្បីផ្ដល់ថាមពល អគ្គិសនី ដែលមានតម្លៃសមរម្យទៅដល់ប្រជាពលរដ្ឋ និងលើកកម្ពស់សេដ្ឋកិច្ច សង្គមរបស់ប្រជាពលរដ្ឋ។
ដោយសម្តេចធិបតី បានបញ្ជាក់ថា៖« អាទិភាពរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ គឺរាជរដ្ឋាភិបាលដាក់គោលដៅអភិវឌ្ឍវិស័យថាមពលអគ្គិសនីដល់ភូមិជាង ១ ភាគរយ ដែលមិនទាន់មានអគ្គសនីប្រើប្រាស់ ត្រូវធ្វើយ៉ាងណាឱ្យទទួលបានការផ្គត់ផ្គង់ និងឱ្យមានអគ្គិសនីប្រើប្រាស់នៅមុនឆ្នាំ ២០៣០»។
បើតាមសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសង្កត់ធ្ងន់ដែរថា ដើម្បីធានាដល់ការប្រើប្រាស់អគ្គីសនី រដ្ឋគ្រោងថវិកា១០០លានដុល្លារ ឧបត្ថម្ភធនសម្រាប់យកទៅទប់លើការប្រើប្រាស់ថ្លៃអគ្គិសនីជូនដល់ប្រជាពលរដ្ឋ (បញ្ចុះតម្លៃអគ្គិសនី) ជារៀងរាល់ឆ្នាំផងដែរ៕
អត្ថបទ៖ រង្សី