អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី២៩ ខែវិច្ឆិកានេះ បានបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ ទទួលបានជោគជ័យយ៉ាងរលូន និងល្អប្រសើរ។ ក្នុងរយៈពេល ៣ ថ្ងៃនេះ ប្រជាពលរដ្ឋកម្ពុជារាប់លាននាក់ បានចូលរួមកំសាន្តក្នុងព្រះរាជពិធី ក្រោមបរិយាកាសសប្បាយរីករាយ ប្រកបដោយភាពកក់ក្តៅ សុខសុវត្ថិភាព របៀបរៀបរយ សណ្តាប់ធ្នាប់ ក្រោមម្លប់សន្តិភាព។
របាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បង្ហាញថា ជាមួយនឹងសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ មានភាពល្អប្រសើរ សម្រាប់ថ្ងៃទី១ មានប្រជាពលរដ្ឋ មកចូលរួមកម្សាន្តសប្បាយយ៉ាងច្រើនកុះករប្រមាណ ១,២លាននាក់។ នៅថ្ងៃទី២ មានបងប្អូនប្រជាពលរដ្ឋមកកម្សាន្តសប្បាយប្រមាណ ១.៧លាននាក់។ រីឯនៅថ្ងៃទី៣ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា មានបងប្អូនប្រជាពលរដ្ឋមកកម្សាន្តសប្បាយក្នុងព្រះរាជពិធីបុណ្យអុំទូកប្រមាណ ២លាននាក់។ ដូច្នេះេនះ បុណ្យអុំទូក៣ថ្ងៃនៅភ្នំពេញ មានប្រជាពលរដ្ឋចូលរួមកម្សាន្តសប្បាយជិត ៥លាននាក់។
យ៉ាងណាមិញ នេះគ្រាន់តែជាទិន្ន័យរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបានបូកសរុបចំពោះសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់រយៈពេល ៣ថ្ងៃនេះ។ យ៉ាងណាមិញ របាយការណ៍ផ្លូវការពីក្រសួងទេសចរណ៍ មិនទាន់ចេញផ្សាយនៅឡើយទេ៕
អត្ថបទ៖ អក្ខរា