កម្ពុជា ពិនិត្យសំណើធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍កិច្ចការសង្គម និងវប្បធម៌ នៅឆ្នាំ២០២៥

កិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិ APA ដែលរៀបចំឡើងដោយរដ្ឋសភានៃសាធារណរដ្ឋតួកគី បានបិទបញ្ចប់ដោយជោគ​ជ័យ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ប្រកបដោយលទ្ធផលល្អប្រសើរ។ កិច្ចប្រជុំបានពិនិត្យពិភាក្សា និងអនុម័តលើក​សេចក្តីព្រាងសេចក្តីសម្រេចសរុបចំនួន២៣ របស់គណៈកម្មាធិការអចិន្ត្រៃយ៍ទាំងបួនរបស់ APA ព្រមទាំងបាន​អនុម័តរបៀបវារៈផ្សេងៗមួយចំនួនទៀត ដើម្បីដាក់ជូនមហាសន្និបាត APA លើកទី១៤ ដែលនឹងប្រព្រឹត្តិទៅនៅប្រទេសអាស៊ែបៃហ្សង់។

គណៈប្រតិភូសភាកម្ពុជា ដឹកនាំដោយ ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា បានចូលរួមពិភាក្សា និងផ្តល់យោបល់ និងគាំទ្រទៅលើសេចក្តីព្រាងសេចក្តីសម្រេច ដែលអង្គប្រជុំបានពិភាក្សា​ និងអនុម័ត។ បន្ថែមពីលើការចូលរួមកិច្ចប្រជុំខាងលើ ឯកឧត្តមប្រធានគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ក៏បានដឹកនាំជំនួបទ្វេភាគីដោយ​ឡែក​ៗពីគ្នាជាមួយ ឯកឧត្តម Numan KURTULMUS ប្រធានរដ្ឋសភានៃសាធារណរដ្ឋតួកគី និងឯកឧត្តមបណ្ឌិត Mohammad Resa MAJIDI អគ្គលេខាធិការ APA ផងដែរ។

ឯកឧត្តមបណ្ឌិត ម៉ូហាំម៉ាត់ រ៉េហ្សា ម៉ាជីឌី អគ្គលេខាធិការនៃសភាអាស៊ី (APA) កាលពីរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ​២០​២៣ បានចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា និងជាប្រធានគណៈប្រតិភូសភាកម្ពុជា ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិ APA។

ឯកឧត្តមអគ្គលេខាធិការ APA បានកោតសរសើរចំពោះសភាកម្ពុជា ជាប្រទេសដ៏ស្រស់ស្អាត ព្រមទាំងមានភាពសកម្មយ៉ាងខ្លាំង នៅក្នុងវេទិកាអន្តរសភានានា ជាពិសេសនៅក្នុងក្របខ័ណ្ឌ APA នេះតែម្តង។ ក្នុងន័យនេះ ឯកឧត្តម បានសំណូមពរដល់សភាកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃ​យ៍កិច្ចការសង្គម និងវប្បធម៌ ក្នុងឆ្នាំ២០២៥ខាងមុខ ដោយកម្ពុជាជាប្រទេសមានភាពសម្បូរបែបផ្នែកវប្បធម៌ ។ ឯកឧត្តម ក៏សង្ឃឹមថា ឯកឧត្តមអនុប្រធានទី២រដ្ឋសភា នឹងអញ្ជើញចូលរួមមហាសន្និបាតAPA លើកទី១៤ ដែលនឹងប្រព្រឹត្តិទៅក្នុងពេលឆាប់ៗខាងមុខនេះ។

ឯកឧត្តម វង សូត បានកោតសរសើរ ឯកឧត្តម ម៉ូហាំម៉ាត់ រ៉េហ្សា ម៉ាជីឌី អគ្គលេខាធិការ APA ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រេចបាននូវចក្ខុវិស័យនិងការងារផ្សេងៗរបស់ APA។ ឯកឧត្តម ក៏បានអរគុណចំពោះអគ្គលេខាធិការ APA ដែលកន្លងមកបានបញ្ជូនអ្នកសង្កេតការណ៍បោះឆ្នោត ទៅកាន់កម្ពុជា ដែលពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងភាពជោគជ័យនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៃរដ្ឋសភា នៅកម្ពុជា។

ចំពោះសំណូមពរ ដែលឱ្យកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍កិច្ចការសង្គម និងវប្បធម៌ ឯកឧត្តមអនុប្រធានទី២រដ្ឋសភា សន្យានឹងនាំយកសំណើនេះ គោរពជូនសម្តេចមហារដ្ឋសភាធិបតី ពិនិត្យ​ និងសម្រេចដ៏ខ្ពង់ខ្ពស់៕