គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសរយៈពេល ៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ចាប់ពីថ្ងៃទី២៦-២៨ ខែវិច្ឆិកា មានអ្នកស្លាប់ចំនួន ២២នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ៦៩នាក់។ នេះបើយោងតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
ទិន្នន័យបង្ហាញថា ថ្ងៃទីមួយនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ០៨លើកបណ្តាលឲ្យមនុស្សស្លាប់០៥នាក់ និងរបួសធ្ងន់ស្រាល០៩នាក់។ នៅថ្ងៃទីពីរគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ១១លើក បណ្តាលឲ្យមនុស្សស្លាប់ ៣នាក់ និងរបួសធ្ងន់ស្រាល ១៨នាក់។ ចំណែកនៅថ្ងៃទីបី គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសកើតឡើង ១៨លើក បណ្តាលឲ្យមនុស្សស្លាប់ ១៤នាក់ និងរបួសធ្ងន់ស្រាល ៤២នាក់។
របាយការណ៍ដដែលបញ្ជាក់ថាក្នុងចំណោមអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍សរុបទាំង ២២នាក់ និងរងរបួសធ្ងន់ស្រាល ៦៩នាក់ ក្នុងពិធីបុណ្យអុំទូករយៈពេលបីថ្ងៃនេះ ភាគច្រើនបណ្តាលមកពីល្មើសល្បឿន។ ក្រៅពីនេះ មូលហេតុបង្កឲ្យមានគ្រោះថ្នាក់ផ្សេងទៀតដូចជា មិនគោរពសិទ្ធិប្រជែងគ្រោះថ្នាក់បត់គ្រោះថ្នាក់ កត្តាយានយន្តស្រវឹងមិនប្រកាន់ស្តាំ និងងងុយ៕
អត្ថបទ៖ អក្ខរា