ភ្ញៀវទេសចរចូលមកទស្សនាខេត្តសៀមរាប ក្នុងថ្ងៃព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ មានចំនួនប្រមាណ ៣០៤ ២៦១នាក់ មានការកើនឡើងប្រមាណ ១០ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ ចំនួន ២៧៦៥៩២នាក់។ នេះបើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប។
របាយការណ៍បានបញ្ជាក់ថា ក្នុងចំណោមភ្ញៀវទេសចរជាង ៣០ម៉ឺនាក់ ក្នុងនោះ ភ្ញៀវទេសចរជាតិ មានចំនួនប្រមាណ ២៩០ ០០០នាក់ មានការកើនឡើងប្រមាណ ១៦ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ ចំនួនប្រមាណ ២៥០ ០០០នាក់ និងភ្ញៀវទេសចរបរទេសមានចំនួន ១៤ ២៦១នាក់ មានការថយចុះចំនួន ៤៦.៣៧ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ ចំនួន ២៦៥៩២នាក់។
សម្រាប់តំបន់រមណីយដ្ឋានអង្គរ មានភ្ញៀវទេសចរចំនួនប្រមាណ ១៤៧ ០០០នាក់, រមណីយដ្ឋានភ្នំគូលែន មានចំនួនប្រមាណ ៨០០០នាក់, ដងស្ទឹងសៀមរាប មានចំនួនប្រមាណ ១១០ ០០០នាក់ និងនៅតាមសហគមន៍ទេសចរណ៍មានចំនួនប្រមាណ ២៥ ០០០នាក់។
សូមជម្រាបថា រដ្ឋបាលខេត្តសៀមរាប បានរៀបចំប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និង សំពះព្រះខែ អកអំបុក រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃអាទិត្យ ទី២៦ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅតាមបណ្ដោយដងស្ទឹងសៀមរាប ចាប់ពីស្ពានអតីតមន្ទីរទេសចរណ៍ចាស់ រហូតដល់ស្ពានវត្តដំណាក់។ កម្មវិធីឆ្នាំនេះ រួមមាន៖ ការជិះទូកកម្សាន្ត ផ្សារទឹក ការតាំងពីព័រណ៍ផលិតផលផ្សេងៗ ព្រមទាំង មានការប្រគុំតន្ត្រី សិល្បៈបុរាណសម័យ និងការប្រកួតប្រដាល់គុនខ្មែរ ដែលព្រឹត្តិទៅចាប់ពីថ្ងៃសៅរ៍ទី២៥ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីញាំងឱ្យព្រះរាជពិធី បុណ្យនេះ កាន់តែមានភាពអធិកអធមថែមទៀត៕