កម្ពុជា ត្រូវបានអង្គសន្និសីទរដ្ឋភាគីលើកទី២១ នៃអនុសញ្ញាស្តីពីការហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស(អនុសញ្ញាអូតាវ៉ា) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ បោះឆ្នោតជ្រើសតាំងជាប្រធាន និងជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឆ្នាំ២០២៤ ដែលកម្ពុជាប្រសិទ្ធនាមជា “កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន”។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហោះសារអបអរសាទរលើបណ្តាញសង្គម នៅថ្ងៃទី២៥ ខែវិច្ឆិកានេះ ដោយបានគូសបញ្ជាក់ថា កិច្ចប្រជុំត្រួតពិនិត្យឡើងវិញនៃអនុសញ្ញាអូតាវ៉ាត្រូវបានប្រព្រឹត្តទៅជារៀងរាល់៥ឆ្នាំម្តង ហើយកម្ពុជា គឺជាប្រទេសទី៥ នៅលើសកលលោក និងជាប្រទេសដំបូងគេបង្អស់ក្នុងតំបន់អាស៊ី ដែលធ្វើជាប្រធាន និងជាម្ចាស់ផ្ទះដឹកនាំកិច្ចប្រជុំនេះ។ កិច្ចប្រជុំលើកទី១ធ្វើនៅប្រទេសកេនយ៉ា ឆ្នាំ២០០៤ លើកទី២នៅប្រទេសកូឡុំប៊ី ឆ្នាំ២០០៩ លើកទី៣នៅប្រទេសម៉ូសំប៊ិក ឆ្នាំ២០១៤ លើកទី៤នៅប្រទេសន័រវែស ឆ្នាំ២០១៩ និងលើកទី៥នៅប្រទេសកម្ពុជា ឆ្នាំ២០២៤ ខាងមុខ។
ក្នុងនាមជាប្រធាន និងម្ចាស់ផ្ទះដឹកនាំកិច្ចប្រជុំ កម្ពុជាបានជ្រើសយកទឹកដីខេត្តសៀមរាបសម្រាប់ការរៀបចំ និងមានការចូលរួមពីរដ្ឋសមាជិកចំនួន ១៦៤ ប្រទេស និងរដ្ឋអង្កេតការណ៍ផ្សេងៗ ព្រមទាំងអង្គការ-ស្ថាប័ន ពិភពលោកជាច្រើនទៀត។ កិច្ចប្រជុំកំពូលសៀមរាប-អង្គរ គឺជាវេទិកាដែលកម្ពុជានឹងបញ្ជាក់ជូនសហគមន៍អន្តរជាតិ ពីការប្តេជ្ញាចិត្ត ចំពោះការបោសសម្អាតមីនប្រឆាំងមនុស្សឱ្យអស់ និងពិនិត្យមើលលើវឌ្ឍនភាពនៃការអនុត្តផែនការសកម្មភាពកន្លងមក។ កម្ពុជា គ្រោងនឹងដាក់ចេញនូវការងារអាទិភាពចំនួន ៣ រួមមាន ៖ ១. ជំរុញសកលភាវូបនីយកម្មនៃអនុសញ្ញា៖ ជំរុញប្រទេសមិនមែនរដ្ឋភាគីឱ្យចូលរួមជារដ្ឋភាគី ឬចូលរួមកិច្ចប្រជុំ ឬអនុវត្តទិដ្ឋភាពនានានៃអនុសញ្ញា ២. ពង្រឹងការអនុវត្តមាត្រា៥នៃអនុសញ្ញា៖ បោសសម្អាតមីនប្រឆាំងមនុស្ស និង៣. ជួយជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម
ជាងនេះទៅទៀត កម្ពុជា នឹងរៀបចំឱ្យមានជាសេចក្តីថ្លែងការណ៍ស្តីពីផែនការសកម្មភាព ៥ឆ្នាំបន្ត សម្រាប់រដ្ឋសមាជិក និងភាគីពាក់ព័ន្ធទាំងអស់យកទៅអនុវត្តន៍ ដោយមានឈ្មោះថា “សេចក្តីថ្លែងការណ៍សៀមរាប-អង្គរ_ Siem Reap – Angkor Declaration or Siem Reap – Angkor Action Plan” ដែលនឹងត្រូវប្រើប្រាស់ក្នុងឯកសារប្រវត្តិសាស្ត្ររបស់អង្គការសហប្រជាតិ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត កោតសរសើរជូនចំពោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន ថ្នាក់ដឹកនាំ មន្រ្តីបុគ្គលិកអាជ្ញាធរមីន ប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ ប្រតិបត្តិករជាតិ-អន្តរជាតិ សហគមន៍សកម្មភាពមីន និងគ្រប់ភាគីពាក់ព័ន្ធ សម្រាប់កិច្ចខិតខំប្រឹងប្រែង និងចូលរួមចំណែកជំរុញឱ្យប្រទេស និងប្រជាជនកម្ពុជា រួចចាកផុតពីទុក្ខវេទនាដោយសារមីនប្រឆាំងមនុស្សដែលជាមរតកសង្រ្គាមដ៏រ៉ាំរ៉ៃនៅកម្ពុជា។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏ថ្លែងអំណរគុណចំពោះរដ្ឋជាសមាជិកនៃអនុសញ្ញាអូតាវ៉ា និងសហគមន៍អន្តរជាតិ ដែលតែងតែផ្តល់ការគាំទ្រ និងវាយតម្លៃខ្ពស់ដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងកិច្ចការសកម្មភាពមីន ក៏ដូចជាបានផ្តល់សេចក្តីទុកចិត្តជ្រើសតាំងកម្ពុជាធ្វើជាប្រធាន និងម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលដ៏មានសារសំខាន់នេះ។
សូមជម្រាបថា អនុសញ្ញាអូតាវ៉ា ឬហៅបានថាអនុសញ្ញាស្តីពីការហាម ការប្រើប្រាស់មីនប្រឆាំងមនុស្ស ឬហៅពេញថា អនុសញ្ញាស្តីពីការហាមការប្រើប្រាស់ ការរក្សាទុក ការផលិត និងការផ្ទេរគ្រាប់មីនប្រឆាំងមនុស្ស និងការបំផ្លាញគ្រាប់មីន ។ អនុសញ្ញានេះ គឺជាអនុសញ្ញារបស់អង្គការសហប្រជាជាតិ និងជាការឆ្លើយតបគ្រប់ជ្រុងជ្រោយរបស់សហគមន៍អន្តរជាតិ ចំពោះបញ្ហាមនុស្សធម៌ ដែលបង្កឡើងដោយមីនប្រឆាំងមនុស្ស ដែលជាអាវុធ បង្កផលអាក្រក់ដ៏ធ្ងន់ធ្ងរ ទោះបីជាជម្លោះប្រដាប់អាវុធបានបញ្ចប់ទៅជាច្រើនទសវត្សរ៍ក៏ដោយ៕