បរាជ័យលើកឆាកអន្តរជាតិលើកនេះ ចន សុទីម៉ា អស់សង្ឃឹមហើយក៏មិនចាប់អារម្មណ៍ក្នុងការប្រកួតលើវិស័យបវរកញ្ញាទៀតដែរ !

ទន្ទឹមនិងការត្រឡប់មកកាន់មាតុប្រទេសវិញ កញ្ញា ចន សុទីម៉ា ដែលជាបវរកញ្ញាចក្រវាឡ កម្ពុជា ឆ្នាំ ២០២៣ ហាក់បីដូចជាអស់សង្ឃឹមខ្លាំង ដោយសារនាងមិនបានជាប់ក្នុង Top ណាមួយ រហូតនាងបាននិយាយទៅកាន់អ្នកគាំទ្រខ្លួនថា នាងមិនចង់ចូលរួមប្រកួតក្នុងកម្មវិធីណាទៀតទេ ។ 

ទោះបីជាកញ្ញា ចន សុទីម៉ា ប្រកាសមិនចូលរួមប្រកួតនៅក្នុងវិស័យបវរកញ្ញាជាថ្មីម្តងទៀតក្តី សម្រាប់មិត្តភក្តិ និង អ្នកគាំទ្រ ម្នាក់ៗបានជំរុញឱ្យនាងដាក់ពាក្យចូលរួមប្រកួតនៅក្នុងកម្មវិធីធំៗជាបន្តបន្ទាប់ទៀត ពីព្រោះស្តាយទេពកោលស្យដ៏ល្អរបស់នាង ។ 

កញ្ញា ចន សុទីម៉ា មិនបាននិយាយអ្វីច្រើនទៅកាន់អ្នកគាំទ្ររបស់នាងនោះទេ នាងបានត្រឹមតែនិយាយយ៉ាងខ្លីថា នាងហត់នឿយណាស់ ហើយក៏មិនចង់ប្រកួតអ្វីទៀតដែរ ។ 

កញ្ញា ចន សុទីម៉ា ពិតជាមានការខកចិត្តខ្លាំង បន្ទាប់ពីបរាជ័យនៅលើឆាកអន្តរជាតិដ៏ធំមួយនេះ រហូតធ្វើឱ្យនាងឈប់គិតពីរឿងប្រកួតទៀត ដូចដឹងស្រាប់ហើយថា ពេលចេញទៅប្រកួតលើកនេះ នាងបានដាក់ចិត្តដាក់កាយ និង មានទំនុកចិត្តខ្លាំងណាស់ក្នុងការប្រកួត តែជាក់ស្តែងបែរជាមិនបានចូល Top ណាមួយទៅវិញ ។ 

កញ្ញា ចន សុទីម៉ា នៅពុំទាន់ទទួលការងារក្នុងសិល្បៈវិញនៅឡើយទេ ដោយនាងចង់ទុកពេលវេលាដើម្បីដើរលំហែកាយមួយរយៈ ក្រោយពីខំប្រឹងប្រែងធ្វើការងារធំអស់ពេលយ៉ាងយូរ ៕