ក្រសួងសុខាភិបាល នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ បានប្រកាសពីការរកឃើញករណីជំងឺផ្តាសាយបក្សី ០១ករណីទៀត កើតលើស្ត្រីអាយុ២១ឆ្នាំ និងត្រូវបានបញ្ជាក់ថា វិជ្ជមានវីរុសផ្តាសាយបក្សី ប្រភេទហាស់៥ អ៊ិន១ (H5N1) ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈនិងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលមានទីលំនៅក្នុងភូមិត្រពាំងឬស្សី ឃុំដំណាក់សុក្រំ ស្រុកដងទង់ ខេត្តកំពត។
តាមការសាកសួរបង្ហាញថា ប្រហែលមួយសប្តាហ៍មុនមានមាន់ងាប់ច្រើនជាបន្តបន្ទាប់នៅផ្ទះនិងក្នុងភូមិ កើតហេតុ។ អ្នកជំងឺបានចាប់ផ្ដើមឈឺនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ បន្ទាប់មកមាន រោគសញ្ញាផ្លូវដង្ហើម រួមមានគ្រុនក្តៅ ពិបាកដកដង្ហើម និងក្អក ទើបបញ្ជូនមក សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣។ បច្ចុប្បន្នអ្នកជំងឺកំពុងស្ថិតនៅបន្ទប់សង្គ្រោះបន្ទាន់ដោយមានការថែទាំ យ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ។
នៅយប់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បាននិងកំពុងសហការជាមួយក្រុមការងារនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ក្រសួងបរិស្ថាន អង្កេតស្រាវជ្រាវការកើតឡើងនូវជំងឺផ្តាសាយបក្សីប្រភេទនេះ និងធ្វើការឆ្លើយតបទៅតាមវិធី សាស្ត្រ និងពិធីសារបច្ចេកទេស ក្នុងការស្វែងរកប្រភពចម្លង ទាំងលើសត្វ និងមនុស្ស និងបន្តស្វែងរកករណីសង្ស័យ និងអ្នកប៉ះពាល់ដើម្បីទប់ស្កាត់ការឆ្លងបន្តទៅអ្នកដទៃទៀតក្នុងសហគមន៍ ព្រមទាំងចែកជូនឱសថ តាអ៊ីហ្គូ(Tamiflu) ដល់អ្នកប៉ះពាល់ ជិតស្និទ្ធ និងធ្វើយុទ្ធនាការអប់រំសុខភាពប្រជាពលរដ្ឋនៅក្នុងភូមិដែល កើតហេតុខាងលើ។
ក្រសួងសុខាភិបាល ក្រើនរំលឹកសារជាថ្មីម្តងទៀត ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមយក ចិត្តទុកដាក់ប្រុងប្រយ័ត្នលើជំងឺផ្តាសាយបក្សីជានិច្ច ពីព្រោះជំងឺផ្តាសាយបក្សី H5N1 នៅតែបន្តគំរាមកំហែង ដល់សុខភាពប្រជាពលរដ្ឋ។ ប្រសិនបើមានអាការៈក្តៅខ្លួន ក្អក ឬ ពិបាកដកដង្ហើម ឬមានបញ្ហាសុខភាព សូមកុំទៅជួបជុំ ឬទីប្រជុំជនដែលមានមនុស្សមច្រើន និងត្រូវស្វែងរក ការពិគ្រោះយោបល់ និងការពិនិត្យព្យាបាលនៅតាមមូលដ្ឋានសុខាភិបាល ដែលនៅជិតលោកអ្នកបំផុតឱ្យបានទាន់ពេលវេលា៕
អត្ថបទ៖ អក្ខរា