ឯកឧត្តម កែវរតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលបានឲ្យដឹងថា កម្ពុជាផលិតថាមពលកកើតឡើងវិញ ឬថាមពលស្អាតដើម្បីប្រើប្រាស់ក្នុងប្រទេសមានបរិមាណជាង ៦២% នៃការប្រើប្រាស់សរុបនៅក្នុងប្រទេស។ ពោលគឺថាមពលដែលបានមកពីប្រភព៖ វារីអគ្គិសនីថាមពលពន្លឺព្រះអាទិត្យ និងថាមពលជីវម៉ាស។ គោលការណ៍របស់អាស៊ានគឺរដ្ឋដែលជាសមាជិកទាំងអស់គួរប្រើប្រាស់ថាមពលពីប្រភពកកើតឡើងវិញឱ្យបាន៣៥% នៅឆ្នាំ២០៣០ តែកម្ពុជាបានដើរឈានមុខរួចទៅហើយ។
ឯកឧត្តមបន្តថា បច្ចុប្បន្នកម្ពុជាមានលទ្ធភាពផលិតថាមពលប្រមាណ ៤០០០មេហ្គាវ៉ាត់ក្នុងមួយឆ្នាំ ប៉ុន្តែតម្រូវការប្រើប្រាស់ប្រចាំឆ្នាំមានប្រមាណ ២៤០០មេហ្គាវ៉ាត់ប៉ុណ្ណោះ ហើយនៅមានសមត្ថភាពផលិតបានច្រើនថែមទៀត។ ដូច្នេះកម្ពុជាកំពុងពិចារណានាំចេញថាមពលរបស់ខ្លួនទៅកាន់ប្រទេសក្នុងតំបន់នាពេលអនាគតក្នុងនោះមានសិង្ហបុរី និងប្រទេសជិតខាងរបស់យើង។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងរ៉ែ បានថ្លែងបែបនេះ ក្នុងវេទិកាស្តីពី“គោលនយោបាយរ៉ែនិងថាមពលនៅកម្ពុជា” ដែលរៀបចំឡើងដោយក្លិបអ្នកកាសែតកម្ពុជា កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣៕