ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលចិន បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ចំនួន ២ គឺ ១. កិច្ចសហប្រតិបត្តិការនវានុវត្តន៍ហិរញ្ញវត្ថុ និងប្រព័ន្ធទូទាត់សងប្រាក់ និង ២. ការបង្កើតកិច្ចសម្របសម្រួលក្នុងការទូទាត់និងផាត់ទាត់នៅកម្ពុជា នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ នាទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន។
ឯកឧត្តមបណ្ឌិត Pan Gongsheng ទេសាភិបាល ធនាគារកណ្តាលចិន និង លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីនេះ និងបានអញ្ជើញចុះហត្ថលេខាលើអនុស្សរណៈទាំងពីរ។
អនុស្សរណៈយោគយល់នេះមានគោលបំណង ជំរុញនវានុវត្តន៍ក្នុងវិស័យធនាគារនិងប្រព័ន្ធទូទាត់សងប្រាក់ លើកកម្ពស់សុវត្ថិភាព និងប្រសិទ្ធភាពប្រតិបត្តិការទូទាត់ឆ្លងដែនរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន និងកសាងសមត្ថភាព វិស័យធនាគារនៅកម្ពុជាដើម្បីឆ្លើយតបទៅនឹងកំណើននៃពាណិជ្ជកម្ម ការវិនិយោគ និងលំហូរហិរញ្ញវត្ថុទ្វេភាគីរវាងប្រទេសចិននិងកម្ពុជា៕