ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មការវិនិយោគកម្ពុជា បានអនុញ្ញាតឱ្យលោក Deng Yongzhi នាយកក្រុមហ៊ុន SageRan និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ឯកឧត្តមអគ្គលេខាធិការបានសម្តែងនូវការស្វាគមន៍ និងថ្លែងអំណរគុណចំពោះ ក្រុមហ៊ុនដែលបានអញ្ជើញមកកម្ពុជា ដើម្បីសិក្សាស្វែងយល់ពីកាលានុវត្តភាពវិនិយោគនៅកម្ពុជា។
លោក Deng Yongzhi បានជម្រាបជូនអង្គប្រជុំថាក្រុមហ៊ុន SageRan ជាក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទ និងសេវា internet កម្រិត 4G & 5G ដែលមានទីស្នាក់កណ្តាលនៅខេត្ត Guangzhou និងមានសាខានៅរដ្ឋធានី ប៉េកាំង, ទីក្រុង Wuhan, ទីក្រុង Changsha, និងនៅទីក្រុង Zhuhai នៃសាធារណរដ្ឋប្រជាមានិតចិន។ គោលបំណងនៃការអញ្ជើញមកទស្សនកិច្ចនៅកម្ពុជានៅពេលនេះ គឺដើម្បីស្វែងរកដៃគូវិនិយោគក្នុងស្រុក។
ឯកឧត្តមអគ្គលេខាធិការបានជម្រាបជូនថា យោងតាមច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ការវិនិយោគក្នុងឧស្សាហកម្មដែលប្រើបច្ចេកវិទ្យាខ្ពស់គឺជាវិស័យអាទិភាពទី១ ដែលទទួល បានការលើកទឹកចិត្តអតិបរមា។
ជាមួយគ្នានេះដែរ ឯកឧត្តមអគ្គលេខាធិការបានស្នើឱ្យក្រុមហ៊ុនធ្វើការ សិក្សាលម្អិតជាមួយនិយ័តករទូរគមនាគមន៍កម្ពុជានៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជួបពិភាក្សាជាមួយសភាពាណិជ្ជកម្មកម្ពុជា ដើម្បីសិក្សានិងស្វែងរកដៃគូវិនិយោគរួមគ្នា។ គណៈកម្មាធិការវិនិយោគកម្ពុជា/ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គាំទ្រគម្រោងវិនិយោគរបស់ក្រុមហ៊ុន និងរង់ចាំផ្ដល់កិច្ចសម្រួលក្នុងការដាក់ពាក្យស្នើសុំវិនិយោគ៕