ស្របពេលបរាជ័យក្នុងការយកកូនជាលើកទី ៣ តារាចម្រៀង សុគន្ធ និសា បានព្យាយាមទៅហាងកែសម្ផស្ស ជួបជាគ្រូពេទ្យជំនាញ ដើម្បីសិក្សាពីការថែរក្សាសម្រស់ឱ្យនៅស្រស់ស្អាត និង ចាក់រំលាយខ្លាញ់ឱ្យមានរាងស្អាត មិនចាស់ទៅតាមវ័យ ។
ថ្មីៗនេះតារាចម្រៀង សុគន្ធ និសា ពិតជាធ្វើឱ្យមហាជនមានការចាប់អារម្មណ៍ខ្លាំងទៅលើរូបរាង និង សម្រស់របស់នាង បើទោះបីជានាងមានវ័យខ្ទង់ ៤០ ឆ្នាំក្តី តែសម្រស់ និងរាងរបស់នាងនៅតែស្អាតដូចដើម ជាក់ស្តែងតាមរយៈរូបភាពជាច្រើនដែលនាងគ្រងឈុតរាត្រីស្រមោលស គឺនាងពិតជាស្រស់ស្អាតខ្លាំង ។ ជុំវិញនៃការថែរក្សាសម្រស់ និងរូបរាងឱ្យនៅតូចស្រឡូន មិនចាស់តាមវ័យ ត្រូវបាន សុគន្ធ និសា បង្ហាញប្រាប់ការពិតថា នាងបានទៅហាងចាក់រំលាយខ្លាញ់នៅក្រោមកៀក និង ក្បាលពោះ ។
សុគន្ធ និសា ទើបតែសម្រេចជ្រើសរើសវិធីនេះចំនួន ២ លើកមកហើយ ហើយក៏ទទួលបានជោគជ័យដូចក្តីប្រាថ្នា ដូច្នេះហើយទើបរាល់ពេលដែលនាងបង្ហាញខ្លួនក្នុងឈុតសម្លៀកបំពាក់រ៉ូបរាត្រីម្តងៗ ពិតជាស្រស់ស្អាត មិនចាញ់កាលពីនៅក្មេង ។
តាំងពីបរាជ័យក្នុងការយកកូនមក តារាចម្រៀង សុគន្ធ និសា បានងាកមករឿងថែរក្សាសម្រស់ច្រើនជាងទុកពេលទំនេរ ដោយនាងបានទៅហាងកែសម្ផស្ស ដើម្បីជួបគ្រូពេទ្យជំនាញៗ ។ កន្លងមកនេះ សុគន្ធ និសា ក៏ធ្លាប់បាននិយាយផងដែរថា វ័យកាន់តែច្រើន គឺត្រូវប្រយ័ត្នខ្លាំងចំពោះរឿងសម្ផស្ស ដូច្នេះត្រូវតែកែកុនខ្លះប្រសិនបើយើងមិនចង់ចាស់ទៅតាមវ័យ ៕