កម្ពុជា កំពុងធ្វើការជាមួយភាគីថៃ ដើម្បីឲ្យទេសចរថៃមកលេងសៀមរាប មិនបាច់ប្រើលិខិតឆ្លងដែន

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ដើម្បីធ្វើឱ្យវិស័យទេសចរណ៍នៅខេត្តសៀមរាបកាន់តែរស់រវើកនោះ រាជរដ្ឋាភិបាលនឹងគិតគូរការតភ្ជាប់ជើងហោះហើរត្រង់​ទៅកាន់តំបន់ទេសចរណ៍មានសក្តានុពលនៅប្រទេសនានា និងការពង្រីកវិសាលភាពនៃការប្រើប្រាស់បណ្ណព្រំដែន។

ទាក់ទងនឹងការប្រើប្រាស់បណ្ណព្រំដែន សម្តេចធិបតីបានឲ្យដឹងថា ក្រសួងមហាផ្ទៃកំពុងធ្វើការជាមួយភាគីថៃ ដើម្បីជួយសម្រួលទេសចរ និងប្រជាពលរដ្ឋថៃដែលមកពីខេត្តជាប់ព្រំដែន អាចធ្វើដំណើរមកកាន់ខេត្តសៀមរាបបាន ដោយមិនចាំបាច់ប្រើប្រាស់លិខិតឆ្លងដែន។

សម្តេចធិបតីបានថ្លែងបែបនេះក្នុង ”ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ” នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣។ សម្តេចបានបន្តទៀតថា ការដាក់ឱ្យប្រើប្រាស់ព្រលានយន្តហោះ និងការដាក់ចេញយុទ្ធសាស្ត្រ «ទស្សនាសៀមរាប ឆ្នាំ២០២៤» គឺជាការជួយស្រោចស្រង់ទេសចរណ៍នៅសៀមរាបឡើងវិញ៕

អត្ថបទ៖ អក្ខរា