ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្តេចយាងជាព្រះរាជាធិបតីភាពក្នុងសន្និសីទអន្តរជាតិរដ្ឋាភិបាលលើកទី៤ ស្តីពីការអភិរក្សរមណីយដ្ឋានតំបន់ប្រវត្តិសាស្រ្តអង្គរ (4th Intergovernmental Conference on Angkor) នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅស្នាក់ការកណ្តាលអង្គការយូណេស្កូ សាធារណរដ្ឋបារាំង។
ព្រះមហាក្សត្រ សាទរចំពោះការងារដ៏អស្ចារ្យរបស់អាជ្ញាធរជាតិអប្សរា ដែលជាអាជ្ញាធរជាតិ ទទួលបន្ទុកអនុវត្តសេចក្តីសម្រេចរបស់គណៈកម្មាធិការ CICអង្គរ-សំបូរព្រៃគុក ។ ការគ្រប់គ្រងប្រាសាទប្រកបដោយប្រសិទ្ធភាព ការអភិវឌ្ឍទូទៅលើផ្ទៃដី ៤០,០០០ហិកតា នៃតំបន់ការពារប្រាសាទអង្គរ-សៀមរាប ការថែរក្សាបារាយណ៍ និងស្ទឹងសៀមរាប ការអភិវឌ្ឍ ទីក្រុងការគ្រប់គ្រងទេសចរណ៍ និងការបណ្តុះបណ្តាលអាជីពជាច្រើននៅអង្គរ-សៀមរាប ស្ថិតក្រោមការទទួលខុសត្រូវរបស់អាជ្ញាធរជាតិអប្សរា។
“ខ្ញុំ ពិតជាចង់ឱ្យគ្រាប់ពូជ ដែលបានសាបព្រោះ បានកើតទៅជាសាលាបុរាណវិទ្យាខ្មែរ និងមុខវិជ្ជាពាក់ព័ន្ធនាពេលអនាគតដែលពោរពេញ ដោយជំនាញការស្រាវជ្រាវ និងការបោះពុម្ពផ្សាយកម្រិតខ្ពស់”។ នេះជាព្រះរាជបន្ទូលបន្ថែមរបស់ព្រះករុណា ព្រះមហាក្សត្រ។
សូមជម្រាបថា តំបន់អង្គរនៅកម្ពុជាគឺជារមណីយដ្ឋានដ៏ល្អឯក ដែលត្រូវបានដាក់បញ្ចូលជាបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ដោយមានប្រាសាទជាង២០០ និងទីស្ថានបុរាណវិទ្យាប្រមាណ៦០០។ សន្និសីទអន្តររដ្ឋាភិបាលលើកទី៤សម្រាប់តំបន់អង្គរ ត្រូវបានរៀបចំឡើងរៀងរាល់១០ឆ្នាំម្តង ដើម្បីកំណត់យុទ្ធសាស្រ្តរបស់គណៈកម្មាធិការអន្តរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិ សាស្រ្តអង្គរ (CICអង្គរ) កម្មវិធីអភិរក្ស និងអភិវឌ្ឍរមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ និងសម្បូរព្រៃគុក។
ឆ្នាំ២០២៤-២០៣៣ នឹងផ្តោតលើការអភិវឌ្ឍ និងការលើកស្ទួយតម្លៃរមណីយដ្ឋានអង្គរប្រកបដោយចីរភាព។ អស់រយៈពេល៣០ឆ្នាំមកហើយដែលប្រទេសបារាំង និងប្រទេសជប៉ុនធ្វើជាសហប្រធានCICអង្គរ។ ប្រទេសទាំងពីរនេះនឹងធ្វើជាសហប្រធានគណៈកម្មាធិការនេះរយៈពេល ១០បន្តទៀត។
ចាប់ពីឆ្នាំ១៩៩៣ ការគាំទ្ររបស់ក្រសួងអឺរ៉ុប និងការបរទេសបារាំងក្នុងកិច្ចសហប្រតិបត្តិការជាមួយប្រទេសកម្ពុជា បានអនុញ្ញាតជាពិសេសឱ្យមាន៖ ការជួសជុលប្រាសាទសំខាន់ចំនួន២៖ ប្រាសាទបាពួន (ដែលត្រូវបានបញ្ចប់កាលពីឆ្នាំ២០១១) និងការជួសជុលប្រាសាទមេបុណ្យខាងលិច (បច្ចុប្បន្នកំពុងដំណើរការ)។ ការបណ្តុះបណ្តាលមុខអាជីពទាក់ទងនឹងបេតិកភណ្ឌដល់មន្ត្រីជាច្រើនរយនាក់។ ការពង្រឹងការស្រាវជ្រាវផ្នែកបុរាណវិទ្យា។ គ្រប់ទីកន្លែងនៅលើពិភពលោក ប្រទេសបារាំងគឹជាដៃគូដ៏សកម្មក្នុងវិស័យបុរាណវិទ្យា។ នៅឆ្នាំ២០២៣ គណៈកម្មការប្រឹក្សាស្រាវជ្រាវបុរាណវិទ្យានៅបរទេសបានគាំទ្របេសកកម្មបុរាណវិទ្យាចំនួន១៦៧ នៅតាមបណ្តា៧៥ប្រទេស៕
អត្ថបទ៖ អក្ខរា