សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ណែនាំឲ្យរដ្ឋបាលរាជធានីភ្នំពេញ សិក្សារៀបចំគន្លងផ្លូវដាច់ដោយឡែក សម្រាប់រថយន្តក្រុងសាធារណៈ (Bus Lane) ដើម្បីសម្រួលការធ្វើចរាចរណ៍ ដោយសារផ្លូវនៅរាជធានីភ្នំពេញ មានលក្ខណៈតូចចង្អៀត។ ទន្ទឹមនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញបំណងសិក្សាផ្លូវអាកាស និងផ្លូវក្រោមដីក្នុងរាជធានីភ្នំពេញ ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ផងដែរ។
សម្តេចធិបតីនាយករដ្ឋមន្ត្រី មានប្រសាសន៍នៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានខ្សែកាបតភ្ជាប់រវាងតំបន់អភិវឌ្ឍន៍កោះនរា និងតំបន់អភិវឌ្ឍន៍កោះពេជ្រ។
សេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ មានចំនួន១៨ខ្សែ ជុំវិញរាជធានីភ្នំពេញ។ ម៉ោងដំណើរការ ៥,៣០នាទីព្រឹក ដល់ ៨,៣០នាទីយប់តម្លៃសំបុត្រ ១៥០០៛/ម្នាក់/លើក លើកលែង ព្រះសង្ឃ ចាស់ជរា ជនពិកា កម្មករ កម្មការិនី សិស្ស និស្សិត និងកុមារកំពស់ក្រោមមួយម៉ែត្រ។
ប្រជាពលរដ្ឋនៅទីក្រុងភ្នំពេញមួយចំនួនដែលបានប្រើប្រាស់សេវារថយន្តក្រុងសាធារណៈ បានលើកសរសើរពីការប្រើប្រាស់រថយន្តសាធារណៈ គឺមានសុវត្ថិភាព ផាសុកភាពល្អ ជួយកាត់បន្ថយការរំភាយឧស្ម័នពុលក្នុងបរិយាកាស និងជួយកាត់បន្ថយការចំណាយជាដើម។ ទន្ទឹមនឹងផលប្រយោជន៍, ការប្រើប្រាស់រថយន្តសាធារណៈ ពលរដ្ឋខ្លះក៏លើកឡើងពីការភាពលំបាកផងដែរ ជាពិសេសមានភាពយឺតយ៉ាវតែម្តង៕
អត្ថបទ៖ អក្ខរា