ក្រសួងបរិស្ថាន ប្រកាសឲ្យប្រើប្រាស់យុទ្ធសាស្ត្រចក្រា នៃវិស័យបរិស្ថានថ្មី ឆ្នាំ២០២៣-២០២៨ ដោយឈរលើអាទិភាព ចម្បង៣គឺ៖ ស្អាត បៃតង និងចីរភាព ដែលឆ្ពោះទៅរកការសម្រេចបាន នូវអព្យាក្រឹតភាពកាបូន នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។
ក្រសួងបរិស្ថានបានរៀបចំ «យុទ្ធសាស្រ្ត ចក្រាវិស័យបរិស្ថាន» ក្នុងគោលបំណងតម្រង់ទិស និងចង្អុលបង្ហាញការងារជាអាទិភាព ដើម្បីធានានូវចីរភាពបរិស្ថាន និងសុក្រឹតកម្មបរិស្ថានកិច្ច ឆ្លើយតបទៅនឹង ការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់ សេដ្ឋកិច្ចបៃតង សំដៅសម្រេចគោលដៅ យុទ្ធសាស្រ្តបញ្ចកោណ គឺ «ជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើ៦០% នៅឆ្នាំ២០៥០»។
យុទ្ធសាស្រ្តចក្រកា ត្រូវបានវាយតម្លៃខ្ពស់ពីសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានផ្តោតលើការយកចិត្តទុកដាក់លើបញ្ហាបរិស្ថានកាន់តែមានប្រសិទ្ធភាព ដើម្បីជួយឲ្យប្រជាជនមានជីវភាពប្រសើរ និងការអភិវឌ្ឍដោយចីរភាព ឆ្ពោះទៅសម្រេចគោលដៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ជាមួយនឹងយុទ្ធសាស្រ្តចក្រា ក្រសួងបរិស្ថាន បាននិងកំពុងរៀបចំយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» នៅទូទាំងប្រទេស ដោយមានការចូលរួមពីសិស្សានុសិស្ស ចំនួនជាង ២លាននាក់។ យុទ្ធនាការនេះមិនត្រឹមតែមានការគាំទ្រ និងចូលរួមពីសាលារៀនប៉ុណ្ណោះទេ ប៉ុន្តែក៏មានការគាំទ្រយ៉ាងពេញទំហឹងពីដៃគូអភិវឌ្ឍន៍ ម្ចាស់រោងចក្រ និងកាកបាទក្រហមកម្ពុជាផងដែរ។
ក្រសួងបរិស្ថាន ក៏បានដាក់ចេញនូវវិធានការចំនួន៤ សម្រាប់ការគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍប្រកបដោយចីរភាពឲ្យមានប្រសិទ្ធភាព។ ក្នុងនោះទី១ គឺការអនុវត្តច្បាប់១០០% មិនអត់ឱនចំពោះឧក្រិដ្ឋកម្មធនធានធម្មជាតិ ទី២ ពង្រឹងសហការឲ្យកាន់ស្អិតរមួត ជាមួយអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ ទប់ស្កាត់បទល្មើសធនធានធម្មជាតិ ទី៣ សហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយ និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីពង្រឹងការអនុវត្តច្បាប់បន្ថែមទៀត និងទី៤ បង្កើតផែនការដាំដើមឈើឡើងវិញ និងការគ្រប់គ្រងព្រៃឈើដោយនិរន្តរភាព។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃទី១០ ខែតុលា បានប្រកាសអំពីការដាំកូនឈើចំនួន ១លានដើម ក្នុងមួយឆ្នាំ ដើម្បីបង្កើនគម្របព្រៃឈើរហូតដល់ ៦០% នៅឆ្នាំ២០៥០៕
អត្ថបទ៖ អក្ខរា