រដ្ឋសភា ​អនុម័តលើគោលការណ៍ជ្រើសរើសសមាសភាពប្រធាន អនុប្រធាន និងសមាជិក គ.ជ.ប នីតិកាលទី៧

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានអនុម័តលើគោលការណ៍នៃការជ្រើសរើសសមាសភាព ប្រធាន អនុប្រធាន និងសមាជិក គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយរដ្ឋសភា នីតិកាលទី៧ ដោយប្រគល់ភារកិច្ចជូនអគ្គលេខាធិការដ្ឋាន រដ្ឋសភា ធ្វើសេចក្តីប្រកាសជ្រើសរើសបេក្ខជនសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត តាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មាត្រា៥ និងមាត្រា៦ ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីពិនិត្យ សម្រេច និងធ្វើការសម្របសម្រួលជាមួយ គណបក្សនយោបាយទាំងអស់ ដែលមានអាសនៈក្នុងរដ្ឋសភា។ នេះបើយោងតាមលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្តេចធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃកម្ពុជា។

ច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិ​រៀបចំការបោះឆ្នោត មាត្រា ៥ ចែងថា៖ សមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវជ្រើសរើសក្នុងចំណោមឥស្សរជន ខ្មែរទាំងពីរភេទ ដែលមានលក្ខណសម្បត្តិ ដូចជា៖ មានសញ្ជាតិខ្មែរពីកំណើត និងមានសញ្ជាតិខ្មែរតែមួយគត់ ក្នុងពេលបំពេញការងារនៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត, មានអាយុយ៉ាងតិច ៣៥ (សាមសិបប្រាំ) ឆ្នាំ គិតដល់ថ្ងៃតែងតាំង, មានសិទ្ធិបោះឆ្នោត, មានសញ្ញាបត្រចាប់ពីថ្នាក់ឧត្តមសិក្សាឡើងទៅ, មានបទពិសោធន៍ការងារយ៉ាងតិច ១០ (ដប់) ឆ្នាំ និងមិនត្រូវជាសហព័ទ្ធ ឬញាតិលោហិត ឬញាតិពន្ធរហូតដល់ថ្នាក់ទី ៣ របស់ប្រធាន អនុប្រធាន គណបក្សនយោបាយ ដែលចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត។

មាត្រា ៦ ចែងថា៖ សមាសភាពទាំង ០៩ (ប្រាំបួន) រូប នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវជ្រើសរើសដោយ ០៤ (បួន) រូប ជ្រើសរើសដោយគណបក្សដឹកនាំរាជរដ្ឋាភិបាល, ០៤ (បួន) រូប ជ្រើសរើសដោយគណបក្សមានអាសនៈក្នុងរដ្ឋសភា ដែលមិនចូលរួមក្នុងរាជរដ្ឋាភិបាល និង ០១ (មួយ) រូបទៀត ជ្រើសរើសដោយមានការព្រមព្រៀងគ្នារវាងគណបក្សទាំងអស់ដែល មានអាសនៈក្នុងរដ្ឋសភា ។

ផ្អែកតាមគោលការណ៍ខាងលើនេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាត្រូវធ្វើការសម្របសម្រួលជាមួយគណបក្សនយោបាយទាំងអស់ ដែលមានអាសនៈក្នុងរដ្ឋសភា ដើម្បីប្រកាសជ្រើសរើសបេក្ខជនសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតជាសាធារណៈ ប្រកបដោយលក្ខណៈបើកចំហ និងមានតម្លាភាព ក្នុងរយៈពេលយ៉ាងតិច ១០ (ដប់) ថ្ងៃ។ បន្ទាប់មក គណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភា ត្រូវសម្របសម្រួលជាមួយគណបក្សទាំងអស់ ដែលមានអាសនៈក្នុងរដ្ឋសភា ដើម្បីពិនិត្យជ្រើសរើសបេក្ខជនសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ពីក្នុងចំណោមបេក្ខជន ដែលបានដាក់ពាក្យស្នើសុំ ដោយផ្អែកតាមលក្ខណសម្បត្តិ ដូចមានចែងក្នុងមាត្រា ៥ នៃច្បាប់នេះ។ បែបបទ និងនីតិវិធីនៃការជ្រើសរើសបេក្ខជនសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវកំណត់ដោយគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ។

ផ្អែកលើសមាសភាពដែលបានជ្រើសរើសខាងលើនេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ត្រូវរៀបចំបញ្ជីសមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដាក់ជូនរដ្ឋសភា ដើម្បីបោះឆ្នោត ទុកចិត្តតាមមតិភាគច្រើនដាច់ខាតនៃចំនួនសមាជិករដ្ឋសភាទាំងមូល។ ប្រធាន អនុប្រធាន និងសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវតែងតាំងដោយ ព្រះរាជក្រឹត្យយ៉ាងយូរ ០៦ (ប្រាំមួយ) ខែ បន្ទាប់ពីរដ្ឋសភាថ្មីចូលកាន់តំណែង។ ប្រធាន អនុប្រធាន និងសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវធ្វើសច្ចាប្រណិធាន មុនចូលកាន់តំណែង។

សូមជម្រាបថា បច្ចុប្បន្ន គ.ជ.ប មានសមាសភាព ៩(ប្រាំបួន) រូប រួមមាន៖ ១.​ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានជំនួស ឯកឧត្ដម ស៊ិក ប៊ុនហុក នៅឆ្នាំ២០២១, ២. ឯកឧត្តម នុត សុខុម អនុប្រធាន គ.ជ.ប បានជំនួស ឯកឧត្ដម គួយ ប៊ុនរឿន នៅឆ្នាំ២០១៧, ៣. ឯកឧត្តម មាន សទិ សមាជិក គ.ជ.ប, ៤. ឯកឧត្តម ឌឹម សុវណ្ណារុំ សមាជិក គ.ជ.ប បានជំនួស ឯកឧត្ដម រ៉ុង ឈុន នៅឆ្នាំ២០១៧, ៥. ឯកឧត្តម ឌុច សុន សមាជិក គ.ជ.ប, ៦. ឯកឧត្តម ហ៊ីង ធីឫទ្ធិ សមាជិក គ.ជ.ប, ៧. ឯកឧត្តម ឯម សូផាត សមាជិក គ.ជ.ប, ៨. ឯកឧត្ដម ហ៊ែល សារ៉ាត់ សមាជិក គ.ជ.ប បានជំនួសលោកជំទាវ តែ ម៉ានីរ៉ុង​និង៩. ឯកឧត្តម ហង្ស ពុទ្ធា សមាជិក គ.ជ.ប៕

អត្ថបទ៖ អក្ខរា