តបតាមការអញ្ជើញរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ផាន វ៉ាន់យ៉ាង (Phan Văn Giang ) រដ្ឋមន្ត្រីក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជា ធ្វើទស្សនកិច្ច ជាមិត្តភាព និងជាផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣។ អមប្រតិភូនាឱកាសនោះដែរ មាន ៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចំរុះ ខ.ភ.ម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង ខ.ភ.មមេបញ្ជាការកងទ័ពជើងគោក នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ព្រមទាំងនាយទាហានជាន់ខ្ពស់ ក្នុងក្រសួងការពារជាតិជាច្រើនរូបទៀត ។
នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា អមដោយឧត្តមសេនីយ៍ឯកបំរុង ហ្វុង ស៊ីទីន អនុប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម បានដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជា ទៅដាក់កម្រងផ្កាគោរពវិញាណក្ខន្ធនៅស្តូបវីរៈជន និង បន្ទាប់មក បានបន្តទៅដាក់កម្រងផ្កាគោរពវិញាណក្ខន្ធ លោកប្រធាន ហូ ជីមិញ នៅក្នុងរដ្ឋធានីហាណូយ។បន្ទាប់មកគណៈប្រតិភូក្រសួងការពារជាតិដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានចូលជួបប្រជុំទ្វេភាគីជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ ផាន វ៉ាន់យ៉ាង (Phan Văn Giang ) រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ដែលបានប្រព្រឹត្តទៅនៅក្រសួងការពារប្រទេសវៀតណាម ដោយបានធ្វើពិធីត្រួតពលកងកិត្តិយសត្រែទ័ព កងទ័ពប្រជាជនវៀតណាមផងដែរ ។
ក្នុងជំនួបទ្វេភាគីរវាងរដ្ឋមន្ត្រីក្រសួងការពារប្រទេសទាំងពីរកម្ពុជា វៀតណាម បានផ្តោតការយកចិត្តទុកដាក់លើការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរកម្ពុជា-វៀតណាម ដើម្បីនាំមកនូវការរីកចម្រើនដល់កងទ័ពទាំងពីរ កម្ពុជា វៀតណាម និងរក្សាឱ្យបាននូវទំនាក់ទំនងដ៏ល្អផូរផង់រវាងកងទ័ព និងប្រជាជននៃប្រទេសទាំងពីរកម្ពុជា វៀតណាមកាន់តែល្អប្រសើរ។