«ខ្ញុំសូមអំពាវនាវឲ្យប្រជាពលរដ្ឋក្រីក្រ នាំកូនៗមកចូលរៀនជំនាញបច្ចេកទេសឲ្យបានច្រើន ដើម្បីទទួលបានជំនាញមួយច្បាស់លាស់ ដែលអាចទទួលបាន ការងារសមរម្យ ហើយជំនាញនេះនឹងជួយឱ្យបងប្អូនយើងទទួលបាន ការងារធ្វើក្នុងអត្រាដ៏ខ្ពស់»។ នេះជាការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចធិបតី ហ៊ុន ម៉ាណែត ដោយសម្តេចគូសបញ្ជាក់ថា យុវជនដែលចូលរៀនក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ នឹងទទួលការឧបត្ថម្ភចំនួន២៨ម៉ឺនរៀលក្នុង១ខែ ពីរាជរដ្ឋាភិបាលកម្ពុជា។
សម្តេចធិបតី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ប្រកាសឱ្យអនុវត្តជាផ្លូវការ “កម្មវិធីរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាពតាមរបបភាគទាន ដោយស្ម័គ្រចិត្ត” និង “កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ”។
នេះគឺជាការងារអាទិភាពចំនួន២ លើការងារអាទិភាពចំនួន ៦ ក្នុងឆ្នាំ២០២៣ ដែលសម្តេចធិបតីនាយករដ្ឋមន្ត្រី បានណែនាំដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត កាលពីថ្ងៃ២៩ ខែសីហា ឆ្នាំ២០២៣ សំដៅបង្កើនប្រាក់ចំណូល ការធានាលក្ខខណ្ឌការងារល្អប្រសើរ ការពង្រឹងសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ កិច្ចគាំពារសង្គម និងជំនាញវិជ្ជាជីវៈជូនបងប្អូនកម្មករ និយោជិត និងក្រុមគ្រួសារ។
កម្មវិធីបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនឹងប្រែក្លាយការប្រើកម្លាំងពលកម្មសុទ្ធសាធ ទៅជាកម្មករមានជំនាញច្បាស់លាស់ ហើយកម្មករនិយោជិត ដែលទទួលការបណ្តុះបណ្តាលជំនាញច្បាស់លាស់ តាមរយៈការបណ្តុះបណ្តាលពិសេសនេះ ច្បាស់ណាស់ ប្រាកដជានឹងទទួលបានការងារល្អជាងមុន ហើយក៏ច្បាស់ណាស់ថែមទៀត នឹងទទួលបានប្រាក់ខែច្រើនជាងមុន ។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានកំណត់យកមុខជំនាញសម្រាប់ជំហានដំបូង ចំនួន ៣៨មុខជំនាញ នៅក្នុងវិស័យអាទិភាពចំនួន១០ សម្រាប់កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។ វិស័យអាទិភាពទាំង ១០ ដែលបានជ្រើសរើស រួមមាន សំណង់, អគ្គិសនីនិងថាមពល, អេឡិចត្រូនិក, បរិក្ខារត្រជាក់ និងកម្ដៅ, កម្មន្តសាល, មេកានិកទូទៅ/មេកានិករថយន្ត, ទេសចរណ៍, សេវាកម្ម, កសិកម្ម និងកសិ-ឧស្សាហកម្ម, និងធុរកិច្ចនិងព័ត៌មានវិទ្យា។ ដោយឡែក ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា ត្រូវបានរៀបចំ និងអនុវត្តដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងគោលបំណងអភិរក្សចំណេះ ដឹង និងជំនាញដូនតាឱ្យបានគង់វង្ស និងអភិវឌ្ឍ “ឧស្សាហកម្មវប្បធម៌ និងច្នៃប្រតិដ្ឋបង្កើតថ្មី”៕
អត្ថបទ៖ អក្ខរា