ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គាំទ្រលើការនាំចេញចំណិតដំឡូងមីក្រៀម ខណៈសហភាពសហគមន៍កសិកម្មបន្លែសុវត្ថិភាពកម្ពុជា ត្រៀមរៀបចំពិធីនាំចេញនាពេលខាងមុខនេះ។ នេះបើតាមការឲ្យដឹងក្នុងជំនួបរវាងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយសហភាពសហគមន៍កសិកម្មបន្លែសុវត្ថិភាពកម្ពុជា កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣។
ក្នុងកិច្ចប្រជុំនេះ សហភាពសហគមន៍កសិកម្មបន្លែសុវត្ថិភាពកម្ពុជា បានស្នើឯកឧត្តមរដ្ឋមន្ត្រី ចំនួន៣ចំណុច គឺធ្វើលិខិតអញ្ជើញភាគីចិនចូលរួមដើម្បីគាំទ្រការនាំចេញ។ បន្ថែមពីការងារពាក់ព័ន្ធនឹងដំឡូងមី សហគមន៍បានស្នើឯកឧត្តមរដ្ឋមន្ដ្រី ទាក់ទាញអ្នកវិនិយោគបន្ថែមទៀតលើការងារស្រូវអង្ករ ក៏ដូចជាស្វែងរកការគាំទ្រពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រៅពីបង្ហាញការជួយរៀបចំឱ្យមានការគាំទ្រលើការនាំចេញចំណិតដំឡូងមីក្រៀមនេះ ក្រសួងនឹងជំរុញអ្នកវិនិយោគចិនឱ្យមកវិនិយោគបន្ថែមលើការងារស្រូវអង្ករ ព្រមទាំងផលិតផលសក្តានុពលផ្សេងទៀត ដូចជាស្វាយចន្ទី និងមៀនប៉ៃលិនជាដើម។
បើតាមឯកឧត្តមរដ្ឋមន្ត្រី ក្រសួងនឹងជំរុញសហគមន៍កសិកម្មគម្រូថ្មី ដែលមានថវិកា ធនធានមនុស្ស មានបទពិសោធន៍ មានរចនាសម្ព័ន្ធដឹកនាំច្បាស់លាស់ រឹងមាំ និងមានសមត្ថភាពផលិតក្នុងទ្រង់ទ្រាយធំ ដែលកាត់បន្ថយថ្លៃដើមផលិត សម្រាប់ផ្គត់ផ្គង់ផលិតផលមានគុណភាពតាមតម្រូវការទីផ្សារ ប្រកបដោយនិរន្តរភាព។
គួរឲ្យដឹងថា កន្លងទៅការនាំចេញដំឡូងមីរបស់កម្ពុជាទៅប្រទេសចិន ធ្វើឡើងតាមរយៈប្រទេសទី៣ ពោលគឺប្រទេសជិតខាងដូចជាថៃ វៀតណាម។ ក្រុមហ៊ុនចិន Artwell Tapioca Limited (ATL) ដែលទទួលទិញដំឡូងមីក្រៀមពីកម្ពុជានាំចេញទៅទីផ្សារប្រទេសចិនដោយផ្ទាល់ បានឲ្យដឹងថា បច្ចុប្បន្នការប្រមូលផលដំឡូងមីនៅកម្ពុជាមានពី១០ ទៅ ១៥ តោនក្នុងមួយហិកតា ធៀបនឹង ៤០តោនក្នុងមួយហិកតា នៅប្រទេសថៃ និងវៀតណាម និង៩០ តោនក្នុងមួយហិកតា នៅតំបន់ក្វាងស៊ី ប្រទេសចិន។
របាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា នៅក្នុងរយៈពេល៨ខែ ឆ្នាំ២០២៣នេះ ការនាំចេញចំណិតដំឡូងមីក្រៀម មានបរិមាណជាង ៩៦ម៉ឺនតោន ថយចុះជាង៤០ភាគរយ, ដំឡូងមីស្រស់ជាង៧២ម៉ឺនតោន ថយចុះជាង២៤ភាគរយ, ម្សៅដំឡូងមី ជាង២៤ពាន់តោន ថយចុះជាង៥២ភាគរយ និងកាកសំណល់ដំឡូងមីជាង៦ម៉ឺនតោន កើនឡើង៦៧៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២៕
អត្ថបទ៖ អក្ខរា