ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា បានណែនាំ ក៏ដូចជាផ្តល់គោលការណ៍ ៦ចំណុចដល់ចៅក្រមកម្មសិក្សា និងព្រះរាជអាជ្ញារងកម្មសិក្សា ត្រូវប្រកាន់យកនៅពេលទៅបំពេញការងាររៀងៗខ្លួន ដូចខាងក្រោម៖
ទី១-អភិក្រមការងារដែលត្រូវប្រកាន់យកក្នុងការអនុវត្តការងារកែទម្រង់ប្រព័ន្ធយុត្តិធម៌ គឺ “អ្នកមានសមត្ថភាព ត្រូវបំពាក់សមត្ថកិច្ច! អ្នកមានសមត្ថកិច្ច ត្រូវបំពាក់សមត្ថភាព” មានន័យថា អ្នកដែលមានសមត្ថភាព និងមានឆន្ទៈពិតប្រាកដក្នុងការបំពេញការងារ និងចង់បម្រើជាតិ និងប្រជាជន នឹងត្រូវផ្តល់ឱកាស ដើម្បីចូលរួមចំណែកក្នុងការបម្រើជាតិ និងប្រជាជន។ ដោយឡែក អ្នកដែលកំពុងមានឱកាស ឬតួនាទីក្នុងដៃហើយ ត្រូវតែខិតខំពង្រឹងសមត្ថភាពរបស់ខ្លួន ដើម្បីឱ្យតាមទាន់នូវការវិវត្តដ៏ឆាប់រហ័សរបស់សង្គមជាតិ។
ទី២-ត្រូវមានឥស្សរភាពក្នុងការបំពេញការងាររបស់ខ្លួន ដោយត្រូវគោរព, ឱ្យតម្លៃ និងផ្តល់កិច្ចសហការល្អដល់សហការីនៅក្នុងអង្គភាពរបស់ខ្លួន ក៏ដូចជា មន្ត្រីនគរបាលយុត្តិធម៌ និងមន្ត្រីអនុវត្តច្បាប់ផ្សេងទៀតដែលមានការពាក់ព័ន្ធ។ ទន្ទឹមនេះ, ត្រូវប្រើប្រាស់នូវចំណេះដឹង, សមត្ថភាព និងទេពកោសល្យរបស់ខ្លួនក្នុងការធានាបាននូវប្រសិទ្ធភាពនៃការអនុវត្តតួនាទីរបស់ខ្លួន ដើម្បីសម្រេចឱ្យបាននូវលទ្ធផលការងារ។
ទី៣-ក្នុងការអនុវត្តច្បាប់ និងក្នុងការអនុវត្តការងាររបស់ខ្លួន, ត្រូវប្រកាន់យកឱ្យបានជាដាច់ខាតនូវភាពត្រឹមត្រូវ និងសច្ចធម៌ ក្នុងការស្វែងរកយុត្តិធម៌ជូនប្រជាពលរដ្ឋ ស្របតាមអនុសាសន៍ដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី គឺ “នៅចំពោះមុខចៅក្រម គឺនិយាយពីច្បាប់! នៅចំពោះមុខច្បាប់ គឺនិយាយពីយុត្តិធម៌! នៅចំពោះមុខយុត្តិធម៌ គឺនិយាយពីភាពត្រឹមត្រូវ! នៅចំពោះមុខភាពត្រឹមត្រូវ គឺនិយាយពីសច្ចធម៌!”។
ទី៤-ត្រូវខិតខំសាងកេរ្តិ៍ឈ្មោះរបស់ខ្លួនឱ្យក្លាយជាមន្ត្រីយុត្តិធម៌គំរូ និងគួរឱ្យគោរព ដោយត្រូវរក្សាឱ្យបាននូវភាពមិនលម្អៀង ដោយវៀរចាកនូវអគតិធម៌ទាំង ៤ បទ គឺ “ឆន្ទាគតិ, ទោសាគតិ, ភយាគតិ និងមោហាគតិ” ហើយត្រូវប្រកាន់យកនូវសុគតិធម៌ទាំង ៥ គឺ “វិរិយសម្បយុត្ត, សុចរិតយុត្តិធម៌, បញ្ញត្តិគារវោ, សមទណ្ឌោ និងបញ្ញាវុធវិនិច្ឆ័យ” នៅពេលបំពេញការងារ។
ទី៥-ក្នុងការបំពេញកិច្ចនីតិវិធី, ត្រូវយកចិត្តទុកដាក់ក្នុងការបំពេញកិច្ចនីតិវិធីឱ្យបានល្អ ជាពិសេស ត្រូវតាក់តែងសាលក្រម ឬដីកា ឱ្យងាយយល់, ត្រឹមត្រូវតាមក្បួនខ្នាត និងត្រូវមានសំអាងហេតុ និងសំអាងច្បាប់ ច្បាស់លាស់ គ្រប់គ្រាន់ និងយុត្តិធម៌ ស្របតាមច្បាប់ និងនីតិវិធីជាធរមាន ព្រោះថាសាលក្រមទាំងអស់ដែលចេញរួចនឹងអាចត្រូវបានយកទៅផ្សព្វផ្សាយជាសាធារណៈ ហើយនឹងត្រូវយកទៅធ្វើជាគំរូសម្រាប់អ្នកជំនាន់ក្រោយគួររៀនសូត្រតាម ឬគួរជៀសវាង។
ទី៦-ក្នុងនាមជាមន្ត្រីអនុវត្តច្បាប់ និងក្នុងនាមជាមន្ត្រីយុត្តិធម៌, ត្រូវធ្វើខ្លួនជាបង្អែកដ៏កក់ក្តៅសម្រាប់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋដែលទទួលរងការរំលោភបំពានដោយអយុត្តិធម៌ ដើម្បីលើកកម្ពស់កិត្តិយសរបស់អង្គភាពខ្លួន និងជាកិត្តិយសរបស់ខ្លួនផ្ទាល់ និងត្រូវធ្វើខ្លួនជាសេនាការពារ ដែលមិនអាចខ្វះបាន ដើម្បីធានាបាននូវស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ដែលជាគ្រឹះនៃការអភិវឌ្ឍសង្គមជាតិប្រកបដោយចីរភាព។
ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានណែនាំបែបនេះ ក្នុងពិធីបំពាក់អាវផាយដល់ចៅក្រមកម្មសិក្សា និងព្រះរាជអាជ្ញារងកម្មសិក្សា ជំនាន់ទី១០ សរុបចំនួន ៥៥ រូប មុននឹងទៅបម្រើការងារនៅតាមសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តនានា កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា៕
ចៅក្រមកម្មសិក្សា និងព្រះរាជអាជ្ញារងកម្មសិក្សាទាំង ៥៥ រូប ត្រូវបានព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់សព្វព្រះរាជហឫទ័យត្រាស់បង្គាប់តែងតាំងឱ្យទៅបម្រើការងារនៅតាមសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តទាំង ២៤ តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/១០២៣/២២៤៦ ចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ និងបានធ្វើសច្ចាប្រណិធាននៅក្នុងព្រះបរមរាជវាំង កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅនេះ៕