ខេត្ត ៤នេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាចាត់ទុកជាប៉ូលសេដ្ឋកិច្ច ច្រករបៀងមច្ឆា និងអង្ករ

ច្រករបៀងមច្ឆា និងអង្ករ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាចាត់ទុកជាប៉ូលសេដ្ឋកិច្ច រួមមានខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងខេត្តបៃលិន ដែលប្រកបដោយសក្ដានុពលសម្រាប់​វិស័យ​កសិកម្មរួមមានដំណាំ​ស្រូវ និងជលផលជាដើម។ នេះបើតាមការឲ្យដឹងពីឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ច្រករបៀងមច្ឆា និងអង្ករ ផ្តោតសំខាន់លើកសិផល ដូចជា តី អង្ករ ផ្លែឈើត្រូពិច បន្លែ និងធាតុចូលកសិកម្មនានា (ជី ថ្នាំសម្លាប់សត្វល្អិត ចំណីសត្វ) ដើម្បីបង្កើនទំហំពាណិជ្ជកម្មកសិកម្មរវាងប្រទេសទាំងពីរ។

ដើម្បីសម្រេចគោលបំណងនៃច្រករបៀងមច្ឆា និងអង្ករ កិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ផ្តោតលើការអភិ​វឌ្ឍវារីវប្បកម្ម កសិកម្មកែច្នៃ កសិកម្មអេកូឡូស៊ី ម៉ាស៊ីនទំនើបៗ បច្ចេកវិទ្យាកសិកម្មថ្មី និងធនធានមនុស្ស។ តំបន់​នានាដែល បង្ហាញពីកសិកម្មទំនើបនឹងត្រូវបានបង្កើតឡើងនៅកម្ពុជា ហើយកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្ដូរកសិកម្មឌីជីថលក៏នឹងត្រូវបានអនុវត្ត។

ក្នុងជំនួបពិភាក្សាកាលពីពេលកន្លងទៅនេះ កម្ពុជា-ចិន ដែលដឹកនាំដោយឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម Tang Renjian រដ្ឋមន្ត្រីក្រសួងកសិកម្ម និងកិច្ចការជនបទនៃ​សាធា​រណរដ្ឋប្រជាមានិតចិន បានឯកភាពគ្នាក្នុងការបង្កើតគណៈកម្មការតម្រង់ទិស និងក្រុមការងារបច្ចេកទេសរួម សម្រាប់ច្រករបៀងអង្ករ និងមច្ឆា។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើសមភាគីជួយសហការផ្នែកបច្ចេកទេសដើម្បីជំរុញនូវមុខទំនិញអាទិភាពចំនួន៣​ដូច​ជា អង្ករ ស្វាយចន្ទីរ និងត្រីចិញ្ចឹម នៅក្នុងច្រករបៀងអង្ករ និងមច្ឆា សម្រាប់នាំចេញមកកាន់ទីផ្សារចិន និងទីផ្សារអន្តរជាតិដទៃទៀត។ ទន្ទឹមគ្នានេះ ឯកឧត្តមរដ្ឋមន្ដ្រី បានលើកទឹកចិត្តដល់អ្នកវិនិយោគិនចិនដែលមានជំនាញ និងបច្ចេកទេសទីផ្សារល្អៗ មកវិនិយោគក្នុងវិស័យកសិកម្មនៅកម្ពុជា ពិសេសលើការកែច្នៃ វិចខ្ចប់ផលិតផលកសិ​កម្ម​ដែលមានស្រាប់ ឱ្យទៅជាផលិតផលដែលមានគុណភាពខ្ពស់ រសជាតិឆ្ងាញ់ និងមានឈ្មោះល្បីលើទីផ្សារអន្តរជាតិ​៕

អត្ថបទ៖ អក្ខរា