រដ្ឋាភិបាលកម្ពុជា បន្តយកចិត្តទុកដាក់លើការបង្កើតច្រករបៀងត្រី ស្រូវ និងការរៀបចំគំរូថ្មីៗជំរុញវិស័យទេសចរណ៍

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បង្ហាញជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងការទទួលស្វាគមន៍រាល់កិច្ចការងារវិនិយោគ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងពិសេសចំពោះកិច្ចការងាររៀបចំឱ្យមានតំបន់ឧស្សាហកម្មនៅកម្ពុជា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានត្រៀមខ្លួនរួចរាល់ក្នុងការសម្របសម្រួល ឱ្យកិច្ចការងាររៀបចំនេះអាចអនុវត្តទៅបានដោយរលូន ដើម្បីជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋកម្ពុជាទាំងមូល។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញអំពីចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ដែលចង់ប្រែក្លាយកម្ពុជាពីឧស្សាហកម្មប្រើកម្លាំងពលកម្មទៅជាឧស្សាហកម្មជំនាញតាមរយៈការបង្កើនធនធានមនុស្ស ការរៀបចំឱ្យមានតំបន់ឧស្សាហកម្មបច្ចេកវិទ្យាកម្រិតខ្ពស់ ការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ពាសពេញផ្ទៃប្រទេសសម្រាប់បម្រើឱ្យការដឹកជញ្ជូន និងពិសេសសម្រាប់នីតិកាលថ្មីនេះ បានបន្តយកចិត្តទុកដាក់លើការបង្កើតច្រករបៀងត្រី និងស្រូវ និងការរៀបចំគម្រូថ្មីៗជម្រុញវិស័យទេសចរណ៍កម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងបែបនេះ ក្នុងជំនួបពិភាក្សាការងារជាមួយក្រុមហ៊ុន Evercore ដឹកនាំដោយលោក Keith Magnus នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣៕