សម្តេចធិបតី ហ៊ុន ម៉ាណែត គាំទ្រទិសដៅនៃការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកកម្ពុជា-ចិន

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម នាយឧត្តមសេនីយ៍ លី ឈីវមីង (Li Qiaoming) មេបញ្ជាការកងទ័ពជើងគោក នៃកងទ័ពរំដោះប្រជាជនចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅវិមានសន្តិភាព ក្នុងឱកាសដែល ឯកឧត្តម នាយឧត្តមសេនីយ៍ កំពុងដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជា។

ឯកឧត្តម នាយឧត្តមសេនីយ៍ បានថ្លែងអំណរគុណ សម្តេចធិបតី ដែលបានចំណាយពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាឱកាសនេះ និងបានចូលរួមអបអរសាទរក្នុងឱកាសដែលព្រះរាជាណាចក្រកម្ពុជា កំពុងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧០ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតកងយោធពលខេមរភូមិន្ទ ។

ក្នុងកិច្ចពិភាក្សានេះ ឯកឧត្តម នាយឧត្តមសេនីយ៍ លី ឈីវមីង បានគូសបញ្ជាក់អំពីចំណងមិត្តភាពដែកថែបកម្ពុជា-ចិន ដែលជាទំនាក់ទំនងបែបប្រវត្តិសាស្ត្រ ហើយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរតែងបានខិតខំពូនជ្រំជាប់ជាប្រចាំ រហូតមានការអភិវឌ្ឍរីកចម្រើនគួរជាទីមោទនៈ ដូចដែលឆ្លុះបញ្ចាំងតាមរយៈសមិទ្ធផលជាច្រើន ដូចជា៖ កិច្ចសហប្រតិបត្តិការជិតស្និទ្ធក្នុងវិស័យការពារជាតិ, គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ, ច្រករបៀងមច្ឆា និងអង្ករ ។ល។ លើសពីនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានបង្ហាញនូវក្តីជឿជាក់ថា ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ នឹងត្រូវបានលើកកម្ពស់រឹងមាំបន្ថែមទៀត ក្រោមការដឹកនាំប្រកបដោយគិតិបណ្ឌិតរបស់ សម្តេចធិបតី ហើយប្រទេសកម្ពុជា ក៏នឹងកាន់តែមានភាពរីកចម្រើនរុងរឿង និងជឿនលឿនទៅមុខទៀត ។

សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ លី ឈីវមីង និងសហការី ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ព្រមជាមួយនឹងការផ្តាំផ្ញើសាកសួរសុខទុក្ខជូនចំពោះ ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង, ឯកឧត្តមនាយករដ្ឋមន្ត្រី លី ឈាំង និង ឯកឧត្តម នាយឧត្តមសេនីយ៍ ចាង យូសៀ អនុប្រធានទី១ នៃគណៈកម្មាធិការយោធាមជ្ឈិមបក្សកម្មុយនីស្តចិន ។ ទន្ទឹមនឹងនេះ សម្តេចធិបតី បានកត់សម្គាល់អំពីការរីកចម្រើននៃទំនាក់ទំនងរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ ក្នុងរយៈកាលកន្លងមកនេះ ជាពិសេស ការសម្រេចបាននូវការចុះហត្ថលេខាលើ MOU កាលពីខែមីនា ឆ្នាំ២០២២ កន្លងទៅ ក្នុងពេលដែល សម្តេចធិបតី នៅបំពេញមុខងារជា មេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ។

សម្តេចធិបតី ក៏បានបង្ហាញនូវការគាំទ្រចំពោះទិសដៅនៃការបន្តពង្រឹង និងពង្រីកទំនាក់ទំនងរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ ដោយផ្តោតសំខាន់ទៅលើកិច្ចសហប្រតិបត្តិការក្នុងផ្នែកហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្ស, ការរៀបចំសមយុទ្ធរួមគ្នា, ការភ្ជាប់ទំនាក់ទំនងរវាងអង្គភាព និងអង្គភាព ក៏ដូចជាការបោសសម្អាតមីននៅកម្ពុជា ៕