នៅក្នុងពិធីសម្ពោធរឿង « ប្រុសលក់ខ្លួន » របស់ផលិតកម្ម LD កាលពីថ្ងៃទី ០៧ ខែ វិច្ឆិកា កន្លងមកនេះ តារាសម្តែងដ៏មានប្រជាប្រិយភាព ស៊ីន យូប៊ីន បានយកបាច់ផ្កាយ៉ាងស្រស់ស្អាតជូនបុរសសង្ហា ខាត់ វ៉ៃហុំាង ធ្វើឱ្យអ្នកគាំទ្រកាន់តែពេញចិត្តខ្លាំង ។ ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងនេះទៅទៀតនោះ គឺតារាស្រីរូបនេះ មានអង្គរក្សដើរតាមខ្លួនជាប់ ខុសប្លែកពីសព្វដង ។
កញ្ញា ស៊ីន យូប៊ីន មិនបានចូលរួមសម្តែងនៅក្នុងរឿង « ប្រុសលក់ខ្លួន » នោះទេ ប៉ុន្តែ នាងបានទៅផ្តល់កម្លាំងចិត្តដល់មិត្តភក្តិ ក៏ដូចជាបុរសសង្ហា ខាត់ វ៉ៃហុំាង ផងដែរ ។ ក្នុងថ្ងៃនោះ ស៊ីន យូប៊ីន បានតុបតែងខ្លួនយ៉ាងសាមញ្ញបំផុតជាមួយរ៉ូបពណ៌ ខ្មៅ ប៉ុន្តែជើងរបស់នាងនៅតែដើរមិនទាន់ត្រង់ផ្លូវនៅឡើយទេ ។
ក្រឡេកមកមើលក្រោយឆាកវិញកញ្ញា ស៊ីន យូប៊ីន មិនបានដើរទៅចូលរួមម្នាក់ឯងនោះទេ ផ្ទុយទៅវិញបែរជាមានអង្គរក្សដើរតាមពីក្រោយ ឆ្វេងស្តាំ មើលទៅពិតជាមិនធម្មតាទេ សូម្បីតែអ្នកគាំទ្រដែលបានឃើញវត្តមាននាងនាពេលនោះ ម្នាក់ៗបានលាន់មាត់គ្រប់ៗគ្នា ។
ទោះជាយ៉ាងនេះក្តី ស៊ីន យូប៊ីន មិនខ្វល់អ្វីទាំងអស់ ពីព្រោះជីវិតរបស់នាងពេលនេះឈានដល់ចំណុចកំពូលហើយ មិនថា លុយកាក់ ការងារ និងកិត្តិយស គឺនាងទទួលបានសព្វគ្រប់ ។ ប៉ុន្តែពុំទាន់ដឹងថា តើបុរសណាម្នាក់គឺជាគូស្នេហ៍ពិតរបស់នាងនៅឡើយទេ ? ៕