សមត្ថកិច្ចខេត្តបន្ទាយមានជ័យ បានសម្រេចបិទទីតាំងខារ៉ាអូខេឈ្មោះ SKY KTV ជាបណ្តោះអាសន្ន បន្ទាប់ពីបានធ្វើប្រតិបត្តិការឆ្មក់ចូលបង្ក្រាបទីតាំងនេះនៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត សង្ស័យមានករណីលក់ចែកចាយ និងប្រើប្រាស់ថ្នាំញៀន ថ្ងៃទី ៧ខែវិច្ឆិកា ឆ្នាំ ២០២៣។
នៅក្នុងការបង្ក្រាបនេះសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន ១០៧នាក់ ស្រី ៤០នាក់ ក្នុងនោះជនបរទេសចំនួន ៤២នាក់ ស្រី ០៧នាក់ រួមមាន៖ ឥណ្ឌូនេស៊ី ចំនួន ២១នាក់ ស្រី០១នាក់, វៀតណាម ចំនួន ១៥នាក់ ស្រី០២នាក់, ចិន ចំនួន ៣នាក់ ស្រី០១នាក់ និងថៃ ចំនួន ៣នាក់ ស្រី០៣នាក់។
ក្រៅពីនេះ ដកហូតបានម្សៅម៉ត់សថ្លា ០៦កូនថង់ និង០១កូនថង់តូច, ថ្នាំកញ្ចប់ពណ៌ក្រហម (រូបសេះ) ០១កញ្ចប់, ពណ៌ក្រហម (រូបទំពាំងបាយជូរ) ០១កញ្ចប់,ពណ៌លឿង ១០កញ្ចប់, ពណ៌ទឹកក្រូច ០១កញ្ចប់ និងកញ្ចប់ថ្នាំពណ៌ក្រហមអក្សរ (L V) ០១កញ្ចប់។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៧ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ទីតាំងខារ៉ាអូខេឈ្មោះ SKY KTV ត្រូវបានបិទបណ្តោះអាសន្ន។ រីឯជនសង្ស័យប្រុស-ស្រីទាំងនេះ ត្រូវបាននគរបាលឃាត់ខ្លួនសួរនាំ និងធ្វើតេស្តរកសារធាតុញៀន ដើម្បីចាត់ការបន្តទៅតាមនីតិវិធី៕