«ប្រសិនបើគ្មានបទឈប់បាញ់មួយទេ តំបន់ហ្រ្គាសា និងក្លាយទៅជាវាលពិឃាដ និងជាកន្លែងកប់ខ្មោចដ៏ធំជាងគេនៅលើពិភពលោក។ កន្លងមកមានការអំពាវនាវពីសហគមន៍អន្តរជាតិ ឲ្យមានបទឈប់បាញ់មួយនៅតំបន់ ហ្រ្គាសា តែត្រូវបានបដិសេដ្ឋដោយនាយករដ្ឋមន្ត្រីអ៉ីស្រាអែល ដោយគាត់បានថ្លែងថា (នឹងមិនមានបទឈប់បាញ់ទេ ប្រសិនបើមិនមានការដោះលែងចំណាប់ខ្មាំង)»។ នេះជាសាររបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ តាមរយៈបណ្តាញសង្គមផ្លូវករនៅល្ងាចថ្ងៃទី៧ ខែវិច្ឆិកា។
សម្តេចតេជោបន្តថា៖ «ប្រសិនជាពាក្យនេះ ជាពាក្យរបស់នាយករដ្ឋមន្ត្រីអ៉ីស្រាអែល ដូចសារព័ត៌មានចុះផ្សាយពិតប្រាកដមែន ខ្ញុំមើលឃើញថា វាជាច្រកចេញឆ្ពោះទៅរកបទឈប់បាញ់មួយ ប្រសិនបើក្រុមហាម៉ាស់ យល់ព្រមដោះលែងចំណាប់ខ្មាំង ដើម្បីដោះដូរជាមួយបទឈប់បាញ់។ ខ្ញុំសូមអំពាវនាវដល់អគ្គលេខាធិការ អង្គការសហប្រជាជាតិ និងភាគីពាក់ព័ន្ធ សូមចាប់ផ្តើមរកការចរចាដោយផ្តើមចេញពីការដោះលែងចំណាប់ខ្មាំង ដោយក្រុមហាម៉ាស់ និងការសន្យារបស់អ៉ីស្រាអែលថា នឹងឈប់បាញ់ប្រសិនមានការដោះលែងចំណាប់ខ្មាំង។ ខ្ញុំក៏សូមអំពាវនាវដល់ក្រុមហាម៉ាស់ នៃប៉ាឡេស្ទីន សូមធ្វើការដោះលែងចំណាប់ខ្មាំង ដើម្បីឈានឆ្ពោះទៅរកបទឈប់បាញ់ ដែលជាផលប្រយោជន៍អាយុជីវិត នៃប្រជាជនប៉ាឡេស្ទីន នៅតំបន់ហ្រ្គាសាស្រ្ទីបទាំងមូល»។
អ៊ីស្រាអែល បានប្តេជ្ញាចិត្តថា នឹងកម្ទេចក្រុមហាម៉ាសដែលគ្រប់គ្រងតំបន់ហ្គាហ្សាស្ទ្រីបបន្ទាប់ពីក្រុមនេះបានសម្លាប់មនុស្ស ១០០៤នាក់ និងចាប់ចំណាប់ខ្មាំងជាង ២៤០នាក់ នៅក្នុងការវាយប្រហារកាលពីមួយខែមុន។ មកដល់ពេលនេះ អាជ្ញាធរសុខាភិបាលប៉ាឡេស្ទីនបាននិយាយថា ការវាយលុកតំបន់ហ្កាហ្សាតាមផ្លូវអាកាស ឡោមព័ទ្ធ និងបានបើកការវាយលុកផ្លូវគោកពីសំណាក់អ៊ីស្រាអែល មកដល់ពេលនេះបានសម្លាប់ពលរដ្ឋប៉ាឡេស្ទីននៅហ្គាហ្សាជាង ១ម៉ឺននាក់ហើយ។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូញ៉ូ ហ្គូធឺរ៉េស បាននិយាយកាលពីថ្ងៃចន្ទថា ការការពារជនស៊ីវិលត្រូវតែផ្ដោតសំខាន់បំផុតនៅក្នុងជម្លោះរវាងអ៊ីស្រាអែល និងពួកសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស។ លោកបាន ព្រមានថា តំបន់ហ្គាហ្សាស្ទ្រីបកំពុងក្លាយជាទីបញ្ចុះសពសម្រាប់កុមារ ខណៈដែលក្មេងស្រី-ប្រុសរាប់រយនាក់ ត្រូវបានគេរាយការណ៍ថាត្រូវបានសម្លាប់ ឬរងរបួសជារៀងរាល់ថ្ងៃ ដែលនេះបង្ហាញយ៉ាងច្បាស់ពីការរំលោភនូវច្បាប់មនុស្សធម៌អន្តរជាតិ៕
អត្ថបទ៖ អក្ខរា