បើទោះបីជាមានឈ្មោះត្រឹមតែជាកញ្ញាឯកលំដាប់រងទី ១ តែ កញ្ញា កុយ អេណា ហាក់មានយីអ៊ុនខ្ពស់ព្រោះត្រូវបានបណ្តាក្រុមហ៊ុនទាំងក្នុងនិងក្រៅស្រុកអញ្ជើញចូលរួមក្នុងកម្មវិធីផ្សេងៗ ហើយចុងក្រោយនេះនាងកំពុងវិឌ្ឍន៍ខ្លួនក្លាយទៅជាតារាបង្ហាញម៉ូដ ដើម្បីបន្ថែមប្រាក់ចំណូល ។
ជួបជាមួយកញ្ញា កុយ អេណា នៅក្នុងកម្មវិធីជួបជុំអ្នកច្នៃម៉ូដដ៏ល្បីៗកាលពីថ្មីៗនេះនាងបានប្រាប់ថា តាំងពីជាប់ជាកញ្ញាឯកលំដាប់រងទី ១ ក្នុងកម្មវិធី Miss Grand Cambodia 2023 មក នាងទទួលបានការងារថ្មីៗជាច្រើន ទាំងការងារក្នុងស្រុក និងការងារក្រៅស្រុក ឆាប់ៗខាងមុខនេះនាងនឹងចេញទៅក្រៅប្រទេសជាបន្តទៀតដើម្បីបំពេញការងារផ្សេងៗ ។
ពីមួយថ្ងៃទៅមួយថ្ងៃ កញ្ញា កុយ អេណា កាន់តែស្រស់ស្អាតប្លែក ជាពិសេសគឺក្រោយពីនាងបានព្យាយាមសម្រកគីឡូឱ្យមានរាងស្លីមស្អាត កាន់តែធ្វើឱ្យនាងមានហាងឆេងខ្ពស់ក្នុងវិស័យសិល្បៈ ជាពិសេសគឺទីផ្សារការងារនៅក្រៅប្រទេស ចាប់ផ្តើមកើនឡើងជាបណ្តើរៗ ។
កញ្ញា កុយ អេណា បានបញ្ជាក់ប្រាប់ផងដែរថា ពេលនេះនាងកំពុងហ្វឹកហាត់អាជីពថ្មីដើម្បីក្លាយទៅជាតារាបង្ហាញម៉ូដដ៏លេចធ្លោម្នាក់ ពីព្រោះវិស័យដើរម៉ូដនាពេលបច្ចុប្បន្នកំពុងត្រូវប៉ាន់ខ្លាំងណាស់ ម្យ៉ាងវិញទៀតវិស័យនេះគឺជាក្តីស្រមៃដែលនាងប៉ងជាយូមកហើយ នាងសង្ឃឹមថា ថ្ងៃណាមួយនាងអាចនឹងឡើងឆាកអន្តរជាតិដើម្បីបង្ហាញពីស្នាដៃខ្លួន ។
កញ្ញា កុយ អេណា នឹងវិលត្រឡប់មកកាន់វិស័យបវរកញ្ញាសាជាថ្មីម្តងទៀតនៅឆ្នាំក្រោយៗ បន្ទាប់ពីនាងពង្រឹងសមត្ថភាពខ្លួនឱ្យកាន់តែខ្លាំងក្លាឡើង ៕