សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី៦ខែវិច្ឆិកាឆ្នាំ២០២៣ បានផ្ញើសារលិខិតជូនចំពោះលោក Zhou Yong នាយកក្រុមហ៊ុន Cambodia PPSHV Expressway Co., Ltd. ក្នុងឱកាសប្រារព្ធពិធីអបអរសាទរខួប១ឆ្នាំ នៃការបើកឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលជាសមិទ្ធផលជាប្រវត្តិសាស្ត្រដំបូងបង្អស់របស់កម្ពុជា។
តាមរយៈលិខិត, សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ក្រោយពីបានបើកឱ្យប្រើប្រាស់ផ្លូវល្បឿនលឿននេះ អស់រយៈពេល ១ឆ្នាំកន្លងមក ផ្លូវល្បឿនលឿននេះ ទទួលបានការកោតសរសើរ និងការពេញចិត្តពីសំណាក់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ដែលធ្លាប់បានធ្វើដំណើរឆ្លងកាត់ផ្លូវល្បឿនលឿននេះ ឆ្ពោះទៅខេត្តព្រះសីហនុ ឬតំបន់ផ្សេងៗទៀត ប្រកបដោយភាពសប្បាយរីករាយ។ ដូច្នេះផ្លូវល្បឿនលឿននេះកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ ប្រសិទ្ធភាព នៃការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ជួយបញ្ចៀសការកកស្ទះចរាចរណ៍ និងកាត់បន្ថយពេលវេលាធ្វើដំណើរ មកត្រឹមតែប្រមាណ២ម៉ោងប៉ុណ្ណោះ ដែលយើងអាចធ្វើដំណើរទៅមក រវាងភ្នំពេញ និងខេត្តព្រះសីហនុវិលល្ងាច ដោយងាយស្រួល និងសុវត្ថិភាព។
បើតាមសម្តេចធិបតី ផ្លូវល្បឿនលឿននេះ បានក្លាយជាសរសៃឈាមសេដ្ឋកិច្ចថ្មីមួយ សម្រាប់បម្រើឱ្យវិស័យដឹកជញ្ជូន និងការតភ្ជាប់ផងដែរ។ ពិសេសនឹងជំរុញឱ្យខេត្តព្រះសីហនុ កាន់តែមានការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត ឆ្លើយតបជាមួយនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការប្រែក្លាយខេត្តនេះឱ្យទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា ពិធីអបអរសាទរខួប ១ឆ្នាំ នៃការបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុនេះ គីជាសក្ខីភាពបញ្ជាក់អំពីការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន ក្នុងការសាងសង់ផ្លូវប្រកបដោយ ស្ដង់ដារ និងគុណភាពខ្ពស់ និងការគ្រប់គ្រងប្រតិបត្តិការ ប្រកបដោយប្រសិទ្ធិភាពខ្ពស់ និងភាពជោគជ័យ ហើយ ក៏ស្របពេលខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ចិន និង “ឆ្នាំមិត្តភាពកម្ពុជា-ចិន”។
សម្តេចនាយករដ្ឋមន្រ្តី មានចំនុកចិត្តថា ក្រុមហ៊ុននឹងបន្តឆន្ទៈយ៉ាងមុតមាំនេះ និងបន្តខិតខំប្រឹងប្រែងបង្កើនប្រសិទ្ធិភាពប្រតិបត្តិការ របស់ខ្លួន ដោយចាប់យកនូវកាលានុវត្តភាពនៃប្រព័ន្ធបច្ចេកវិទ្យាឌីជីថលថ្មីៗដែលស្របនឹងបរិបទសកល មកបើប្រាស់ឱ្យបានទូលំទូលាយ សំដៅបង្កើនស័ក្តសិទ្ធភាព និងភាពងាយស្រួលជូនដល់ប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវ និង សូមសំណូមពរដល់ក្រុមហ៊ុន បន្តធ្វើការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ឱ្យស្របតាមស្ដង់ដារបច្ចេកទេសនិងបញ្ចប់តាមកាលបរិច្ឆេទកំណត់”៕
អត្ថបទ៖ អក្ខរា