ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃសៅរ៍ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានអញ្ជើញបិទវគ្គវិក្រឹតការគ្រូបច្ចេកទេស ស្តីពី «វិធីសាស្ត្របង្រៀន និងការប្រើប្រាស់ម៉ូឌុលតាមជំនាញ» ដើម្បីគាំទ្រដល់កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ១ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យដែលធ្វើឡើងនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC)។
ក្នុងពេលឡើងថ្លែងសុន្ទរកថាបិទបញ្ចប់វគ្គ ឯកឧត្តមរដ្ឋមន្ត្រី បានជំរុញឱ្យគ្រូឧទ្ទេស ចូលរួមអនុវត្តន៍អនុសាសន៍របស់ម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ឱ្យបានជោគជ័យលើការបណ្តុះបណ្តាលជំនាញបច្ចេកទេសដល់សិក្ខាកាមក្រោមពាក្យស្លោក “រៀនឱ្យចប់ រៀនឱ្យចេះ និងមានការងារធ្វើ”។
សម្រាប់ឯកឧត្តមរដ្ឋមន្ត្រី ការបណ្តុះបណ្តាលនេះជោគជ័យបានតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល គឺអាស្រ័យទាំងស្រុងទៅលើគ្រូឧទ្ទេសទាំងអស់ដែលត្រូវបំពញភារកិច្ចរបស់ខ្លួនតាមអ្វីដែលក្រសួង និងសាលាបានដាក់ជូនដោយក្នុងនោះគ្រូឧទ្ទេស ចាំបាច់ត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប្រចាំ ដើម្បីធានាពីប្រសិទ្ធភាពនៃការផ្ទេរចំណេះដឹង ក្នុងរយៈពេលដ៏ខ្លីនេះដែលទាមទារឱ្យមានមេរៀនប្រកបដោយភាពទាក់ទាញ ងាយស្រួលយល់ ឆាប់ចេះ និងមានការចុះអនុវត្តផ្ទាល់ក្នុងរោងជាងឱ្យបានច្បាស់លាស់ក្នុងគោលបំណងធានាពីប្រសិទ្ធភាពនៃការបណ្តុះបណ្តាលដែលគ្រប់ភាគីពាក់ព័ន្ធទទួលស្គាល់ជាពិសេសវិស័យឯកជន។
សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលជំនាញវិក្រឹតការគ្រូបច្ចេកទេសលើកទី១នេះ មានគ្រូឧទ្ទេសចំនួន ២៤៥នាក់ ដែលបានបញ្ចប់ដោយជោគជ័យដែលទទួលបានការបណ្តុះបណ្តាលពីថ្ងៃទី២៦ ខែតុលា ដល់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣។
គួររំលឹកផងដែរថា ការបណ្តុះបណ្តាលគ្រូវិក្រឹត្យការនេះ គឺធ្វើឡើងដើម្បីគាំទ្រដល់កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ១ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាររងហានិភ័យដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញក្នុងគោលបំណងផ្តល់ជំនាញជាក់លាក់រយៈពេលខ្លី និងមានការងារធ្វើឆាប់រហ័សដើម្បីជួយសម្រួលដល់ជីវភាពគ្រួសារដែលកំពុងស្ថិតក្នុងស្ថានភាពលំបាក៕