ការប្រារព្ធព្រះរាជពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានហាលខាងលិចន ប្រាសាទអង្គរវត្តនៅចំពីមុខនៃប្រាសាទអង្គរវត្ត ដែលជាស្នាព្រះហស្ត និងជានិមិត្តរូបដ៏ខ្ពង់ខ្ពស់នៃមហាវីរក្សត សម័យអង្គរ ព្រះបាទសូរ្យវរ្ម័នទី២ គឺជាព្រឹត្តការណ៍ប្រវត្តិសាស្ត្រ មានគាំទ្រ រហូតដល់បញ្ចប់ការងារជួសជុលជាស្ថាពរនូវស្ពានហាលប្រាសាទអង្គរវត្ត និងជារួម សម្រាប់កិច្ចការជួសជុលប្រាសាទជាច្រើនផ្សេងទៀត អមដោយការបណ្តុះបណ្តាលធនធានមនុស្សកម្ពុជា ព្រមទាំងបានផ្សព្វផ្សាយប្រវត្តិសាស្ត្រ និងវប្បធម៌ខ្មែរឪ្យសាធារណជនលើពិភពលោកបានជ្រួតជ្រាប។ នេះបើតាមព្រះរាជសុន្ទរកថា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ក្នុងព្រះរាជពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ពានហាលខាងលិចនៃប្រាសាទអង្គរវត្ត នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ខេត្តសៀមរាប។
ព្រះករុណា ព្រះមហាក្សត្រ លើកទឹកចិត្ត និងគាំទ្រឱ្យបន្តការអភិវឌ្ឍធនធានមនុស្សក្នុង វិស័យអភិរក្ស និងស្រាវជ្រាវរបស់កម្ពុជា តាមគ្រប់រូបភាព និងគ្រប់ទម្រង់ជាមួយស្ថាប័ននានានៃប្រទេសជប៉ុន ព្រមទាំងជាមួយដៃគូជាតិ និងអន្តរជាតិ ស្របតាមចក្ខុវិស័យនៃយុទ្ធ សាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី ស្មារតីនៃចក្ខុវិស័យ១០ឆ្នាំទៅមុខទៀត នៃយន្តការអាយស៊ីស៊ី(ICC) អង្គរ-សំបូរព្រៃគុក និងអនុលោមទៅតាមកិត្តិនាមជាប្រទេសកំពុង ឈានមុខគេ ក្នុងចំណោមបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ ក្នុងនាមអង្គរជាទីតាំងបុរាណ វិទ្យាដ៏ធំជាងគេរបស់យូណេស្កូ សម្រាប់កិច្ចការបណ្ដុះបណ្តាលធនធានមនុស្ស សម្រាប់ វិស័យ បេតិកភណ្ឌវប្បធម៌។
ព្រះមហាក្សត្រសង្ឃឹមថា ស្មារតីដើម្បីអង្គរ និងវប្បធម៌ជាតិនេះ នឹងនៅស្ថិតស្ថេរ ដើម្បីអនុញ្ញាតឱ្យអាជ្ញាធរជាតិអប្សរា និងសា្ថប័នវប្បធម៌កម្ពុជាផ្សេងៗទៀត អាចនឹងបន្តដំណើរការល្អ បំពេញភារកិច្ចរបស់ខ្លួន ទទួលបានជោគជ័យដ៏ធំធេងក្នុងការងារអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ព្រមទាំងបេតិកភណ្ឌវប្បធម៌ និងធម្មជាតិពាក់ព័ន្ធផ្សេងៗទៀត សម្រាប់ជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជារាស្ត្រកម្ពុជា៕