សម្តេចប្រធានរដ្ឋសភា៖ ជាង៥០០ឆ្នាំលើកទី១កម្ពុជាមានការផ្លាស់ប្តូរអំណាចពីអ្នកជំនាន់មុន មកអ្នកជំនាន់ក្រោយ ដោយសន្តិភាព និងរលូន

ក្នុងពិធីបើកកម្មវិធីស្វាគមន៍ និងការផ្តល់ព័ត៌មានអំពីសេវាសំខាន់ៗជូនតំណាងរាស្រ្តនីតិកាលទី៧ នៃរដ្ឋសភា នាព្រឹកថ្ងៃទី ៣ ខែវិច្ឆិកានេះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានមានប្រសាសន៍ថា លទ្ធផលនៃការបោះឆ្នោតសកលនៅខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ បានផ្តល់នូវអាណត្តិមួយដ៏រឹងមាំ និងការទទួលខុសត្រូវដ៏សំខាន់មួយ ក្នុងការបម្រើផលប្រយោជន៍ជូនដល់ប្រជាពលរដ្ឋ។ 

សម្តេចបានគូសបញ្ជាក់ ថានេះ គឺជាលើកទីមួយនិងជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ក្នុងរយៈពេលជាង៥០០ ឆ្នាំ មកនេះ ដែលកម្ពុជាមានការផ្លាស់ប្តូរអំណាចពីអ្នកជំនាន់មុន មកអ្នកជំនាន់ក្រោយ ប្រកបដោយសន្តិភាព និងរលូន ក្រោមស្មារតីឯកភាព និងសាមគ្គីភាពជាតិ ជាមានមោទនភាពបំផុត។

សម្តេចប្រធានរដ្ឋសភាបានបន្ថែមថា នៅក្នុងនីតិកាលទី៧ នេះ កម្ពុជាត្រូវពង្រឹងនូវសមត្ថភាព ទាំងផ្នែកស្ថាប័ន និងមន្រ្តីជំនាញ ដើម្បីធ្វើយ៉ាងណា អាចឈានទៅសម្រេចបាននូវចក្ខុវិស័យរបស់ជាតិគឺការប្រែក្លាយមាតុភូមិកម្ពុជា ឱ្យក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។

សូមជម្រាបជូនថា សមាជិករដ្ឋសភានីតិកាលទី៧មានចំនួន១២៥រូប នៅក្នុងនោះ១២០រូបមក ពីគណបក្សប្រជាជនកម្ពុជា និង៥អង្គនិងរូប មកពីគណបក្សហ្វ៊ុនស៊ិនប៉ិច។ សមាជិករដ្ឋសភា កើតចេញពីលទ្ធផលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ កាលពីថ្ងៃទី២៣ខែកក្កដាឆ្នាំ២០២៣ ដែលបានប្រព្រឹត្តិទៅដោយរលូន មានលក្ខណៈសេរី យុត្តិធម៌ ត្រឹមត្រូវ និងមានតម្លាភាព ដោយមាន១៨គណបក្សចូលរួមប្រកួតប្រជែងនិងមានប្រជាពលរដ្ឋ ជាង៨ លាន ២សែននាក់ បានចេញទៅបោះឆ្នោត៕